ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់បាត់បង់ជីវិត លើកំណាត់ផ្លូវលំក្រាលគ្រូសក្រហម ភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1I-8041បើកបរដោយឈ្មោះ ឌឹម ភារ: ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់) បានបុកជាមួយម៉ូតូហុងដាC110 (ឆ្អឹង) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចន នី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។

ចំណែកមូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាសេ១២៥ ឈ្មោះ ឌឹម ភារ: បើកបរមិនប្រកាន់ស្តាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់