ព័ត៌មានជាតិ

​បុរសម្នាក់ប្រើថ្នាំញៀនហួសកម្រិត ពរកូនសុខៗហក់ទៅយកកាំបិតចិតបន្លែអារ.កខ្លួនឯងហូរឈាមស្រោចខ្លួនរងរបួសធ្ងន់!

ភ្នំពេញ: បុរសជាកម្មករម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកម្រិតទាញកូនកាំបិតអារ.កខ្លួនឯងរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣​រសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខហាងស៊ុបចង្កាក់Volcano ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើឈ្មោះ កែវ​ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ តន់​ ស៊ីណេត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសស្រី៣នាក់និងមានផ្ទៃពោះកូនម្នាក់អាយុ៥ខែ អ្នកទាំងអស់គ្នាស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

ប្រភព័ត៌មានពីប្រពន្ធជនរងគ្រោះឲ្យដឹងថា ប្តីរបស់ខ្លួនកន្លងមកតែងតែប្រើប្រាស់ថ្នាំញៀនហើយនៅមុនពេលកើតហេតុពួកគេទាំង២នាក់ប្តីប្រពន្ធ បានយកកូនប្រុសស្រី២នាក់តូចៗមកផ្ញើឲ្យម្តាយមើលថែឲ្យនៅក្នងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ព្រោះគ្មានអ្នកមើលថែកូនដើម្បីត្រឡប់ទៅធ្វើការវិញ ខណ:ជិះរ៉ឺម៉កទាំងអស់គ្នាមកផ្លូវបត់ចូលផ្ទះម្តាយក៏ចុះពីលើរ៉ឺម៉កទាំងអស់គ្នា ភ្លាមៗនោះស្រាប់តែបុរសជាប្តីបានរត់ទៅចូលឡានតែបានប្រពន្ធឃាត់ពេល។

ប្រភពដដែលបន្តថាបន្ទាប់ពីឃាត់ប្តីរួចហើយពួកគេទាំអស់គ្នាមិនបានដើរចូលផ្ទះម្តាយទេដោយបុរសជាប្តីពរកូនស្រីដើរតាមបណ្តោយផ្លូវជាតិលេខ៥ពីជើងទៅត្បូងហើយនាងជាប្រពន្ធដឹកដៃកូនប្រុសដើរតាមអង្វរហៅឱ្យចូលទៅផ្ទះម្តាយតែប្តីមិនស្តាប់ ក៏ដើររហូតដល់ចំណុចកើតហេតុ បុរសជាប្តីឃើញកូនកាំបិតចិតបន្លែនៅទល់មុខហាងស៊ុបចង្កាក់Volcanoបានដាក់កូនស្រីចុះហក់ទៅទាញកាំបិតចិតបន្លែអារ.កខ្លួនឯងហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរ៉ឺម៉កដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្តេចឪសម្តេចម៉ែ តែដោយស្ថានភាពធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង៕

មតិយោបល់