ព័ត៌មានជាតិ

ផឹកជាមួយគ្នាបាន១កែវ ទាស់ពាក្យសម្តីទាញកាំបិតចាក់ អ្នកឈ្នះចូលប៉ុស្តិ៍ អ្នកចាញ់ចូលពេទ្យ

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី ហិង្សាដោយចេតនា កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចសួនច្បារមាត់ស្ទឹងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ មុខរបរលក់ដូរ មានរបួសស្នាម៣កន្លែង ត្រង់កញ្ចឹងក ខាងក្រោយ១កន្លែង,ខ្នង១កន្លែង,កំភួនដែខាង ឆ្វេង១កន្លែង។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ សា តាម ភេទប្រុស អាយុ៥៧ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅមុខ របរនៅផ្ទះ មានរបួសស្នាម១កន្លែង ត្រង់បាតដៃខាងស្តាំ។

ក្នុងនោះដែរសមត្ថកិច្ចដកហូតកូនកាំបិតចុងស្រួច ១ប្រវែង២០សង់ទីម៉ែត្រ (ជារបស់ជនសង្ស័យ)។

មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាថ្នាំម្នាក់ឯងនៅផ្ទះអស់កន្លះលីត្រ រួចក៏ដើរលេងនៅសួនច្បារមាត់ស្ទឹងតាខ្មៅ ក៏ឃើញជនរងគ្រោះកំពុងផឹកស្រាថ្នាំជាមួយមិត្តភក្តិម្នាក់ទៀតនៅលើបង់ ក៏ដើរចូលទៅផឹកជាមួយអស់មួយកែវ រួចក៏ទាស់ពាក្យសម្ដីគ្នា បន្ទាប់មកក៏បានប្រតាយប្រតប់គ្នា បន្ទាប់ជនសង្ស័យ ក៏បានយកកូនកាំបិតចាក់លើជនរងគ្រោះត្រូវ៣ កន្លែងមានរបួសស្នាមហូរឈាម ហើយជនរងគ្រោះក៏បានដណ្តើមយកកូនកាំបិតបណ្តាល ឲ្យមុតដៃជនសង្ស័យ ត្រង់បាតដៃខាងឆ្វេងមួយកន្លែង ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រីឯជនរងគ្រោះត្រូវបានប្រពន្ធដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ៕

មតិយោបល់