ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងចក្រធុនតូច បោកគក់សំលៀកបំពាក់​ ចេង វៃ​ ហ្វា ឡនឌ្រី (CHENG WEI FA LAUNDRY) ផ្អើលទាំងយប់នៅខណ្ឌដង្កោ​

ភ្នំពេញ: អគ្គិភ័យមួយ បានឆាបឆេះរោងចក្រ​បោកគក់​សំលៀកបំពាក់​ធុនតូច​មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់កម្មករជាច្រើននាក់ នាំគ្នារត់ចេញមកខាងក្រៅរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌដង្កោ និងទាក់ទង​ហៅរថយន្តអគ្គិភ័យមកជួយអន្តរាគមន៍ បង្កឲ្យប្រជាពលរដ្ឋជិតខាង​ភិតភ័យ​តក់ស្លុត​ទាំងរំលងអធ្រាត្រ។

ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡើងនៅវេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃ​៨​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ​ ក្នុងរោងចក្រធុនតូច បោកគក់​ សំលៀកបំពាក់​ ចេង វៃ​ ហ្វា ឡនឌ្រី (CHENG WEI FA LAUNDRY)​ ស្ថិតក្នុងដីឡូត៍លេខ០២ ទល់មុខវត្តសំបួរមាស ​ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាន​បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ មិនដឹងថាមូលហេតុអ្វីនោះទេ គឺឃើញផ្សែងហ៊ុយចេញពីខាងក្រោយរោចក្របោកគក់សំលៀកបំពាក់នោះ ហើយក៏ឆាបឆេះចេញជាអណ្ដាតឡើងតែម្ដង ទើបបង្កការភ្ញាក់ផ្អើល​ដល់ក្រុមកម្មករនៅក្នុងរោចក្រនាំគ្នាជួយពន្លត់ និងរត់ចេញមករាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ​ រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងរបស់​ការិយាល័យ​អគ្គិភ័យនៃស្នងការដ្ឋាននគរបាល ​រាជធានី​ភ្នំពេញ​ មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ រហូតដល់ម៉ោង២និង១០នាទីទៀបភ្លឺ​ ភ្លើងក៏បានរលត់ទាំងស្រុង។ ចំណែកឯមូលហេតុនិងការខូចខាតនៅមិនទាន់ដឹងនៅឡើយ ៕

មតិយោបល់