ព័ត៌មានជាតិ

ដោយសារប៉ូលិសចាប់ចំចោរ ជាមនុស្សល្អ លោកចៅក្រម អ៊ី ថាវរៈ និងលោកស្រី ស៊ឺ វណ្ណនី ដោះលែងឲ្យទៅផ្ទះវិញបាត់

ភ្នំពេញ: មុខសញ្ញាចោរលួចម៉ូតូ យ៉ាងសកម្មម្នាក់ ត្រូវបាន លោក អ៊ី ថាវរ: ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យទៅផ្ទះវិញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមហេតុផលដាក់ ចោរក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ កុំឲ្យដើរលួចដូចមុនទៀត នេះបើយោង ប្រភពពីមន្ត្រីសាលាដំបូងក្រុងភ្នំពេញ។

បើយោងតាមសមត្ថកិច្ច លោកចោរលួចម៉ូតូ ដែលត្រូវលោកចៅក្រម អ៊ី ថាវរ: ដោះលែង មានឈ្មោះ សម វិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ។

សំណុំរឿងលោកចោរ សម វិចិត្រ ត្រូវបានលោកស្រី ស៊ឺ វណ្ណនី បើកការស៊ើបសួរ និងចោទប្រកាន់ ពីបទ លួច (បន្លំយកម៉ូតូ) ប្រព្រឹត្តនៅកន្លែងផ្ញើម៉ូតូ ក្នុងមន្ទីរពេទ្យ រុស្ស៊ី យោងតាមមាត្រា ៣៥៦ នៃក្រមព្រហ្មទទណ្ឌ ដែលអាចប្រឈមនឹងការផ្តន្ទាទោសដាក់គុក ពី៦ខែ ទៅ៣ឆ្នាំ។

ក្រោយពីបញ្ជូនសំណុំរឿងបន្តទៅឲ្យចៅក្រម អ៊ី ថាវរ: លោកចោរក៏មានសំណាងទៅផ្ទះវិញ ដើម្បីបន្តមុខរបរដើម ដោយលោកស្រី ស៊ឺ វណ្ណនី មិនបានប្តឹងទាស់ នឹងសេចក្តីសម្រេច មិនឃុំខ្លួន លោកចោរ របស់ចៅក្រម ស៊ើបសួរនោះទេ នេះបើតាមប្រភពពីមន្ត្រីតុលាការ ដែលមិនសូវស្នេហា វិស័យធ្វើចោរ។

ប្រភពពីនគរបាលជាន់ខ្ពស់ នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមនបាន ខ្សឹបប្រាប់អ្នកកាសែត ទាំងហួសចិត្តថា មិនសមណាចោរ ដែលសមត្ថកិច្ចខំចាប់ មិនបានជាប់គុក បែរជាមានសំណាង បានបន្តមុខរបរចាស់បែបនេះសោះ ដូច្នេះនេះជាកំហុស ដ៏ធ្ងន់ធ្ងររបស់ ប៉ូលិស ដែលចាប់ចំ ចោរល្អ ទើបតុលាការសហការគ្នាលែងចោរល្អ ឲ្យទៅផ្ទះវិញ៕

មតិយោបល់