ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ ក្នុងករណីរក្សាទុកសារធាតុញៀន

ភ្នំពេញ: កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ០៣នាក់នោះទី១.ឈ្មោះ ជឹម ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ក្នុងការដ្ឋានសំណង់គ្មានលេខផ្លូវលំ ខណ្ឌសែនសុខ ទី២.ឈ្មោះ សុទ្ធ គឹមសាន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី៣.ឈ្មោះ សោម ឡាបូតេ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សម្ភារដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច មួកកន្ទឹប ពណ៌ចម្រុះ ចំនួន១ និងម៉ូតូម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង ១C-២២៣៧ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាថ្ងៃកើតត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខបាត់ដំបង់១C-២២៣៧ មិនប្រក្រតី ដោយមានការសង្ស័យ ទើបបានហៅឲ្យឈប់ រួចធ្វើការឆែកឆេរ រកឃើញក្រាមពណ៌សថ្លា មានតម្រុយ សង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ ជឹម ធី លាក់ទុកនៅក្នុងមួកកន្ទឹប ពណ៌ចម្រុះ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម។ ជាលទ្ធផល វិជ្ជមានម្នាក់ (មានសារធាតុញៀនក្នុងទឹកនោម) និងអវិជ្ជមាន ចំនួន០២នាក់(គ្មានសារធាតុញៀនក្នុងទឹកនោម) ។

បច្ចុប្បន្នជនសង្ស័យទាំង ៣ ត្រូវបានយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់