ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ ជិះទៅបុករថយន្តមួយគ្រឿង បាត់បង់ជីវិតមនុស្ស ៣នាក់

កំពង់ធំ: កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងរថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះឈ្មោះ ម៉ន វេន នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ម៉ូតូបង្កម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-1756 (បើកបរទិសដៅពីត្បូងទៅជើង) មានគ្នាជិះនៅម៉ូតូចំនួន ៣នាក់ ទី១- ឈ្មោះ កែវ.គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ(សិស្ស) នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ទី២- ឈ្មោះ ខុម ភេទប្រុស អាយុ១៧ឆ្នាំ(សិស្ស) នៅភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) ទី៣- ឈ្មោះ សឿន ចាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ(សិស្ស) នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែករថយន្តសណ្តោងស៊ឺមីរ៉ឺម៉ក ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-0277 ស៊ឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 4A-2831 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ទឹម ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្នោតថ្មី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ត្រូវបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ដោយសារអ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្តាំ ចូលទៅគន្លងផ្លូវរថយន្តផ្ទុយទិស។

បច្ចុប្បន្នវត្ថុតាងរក្សារថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាំដោះស្រាយតាមនិតិវិធី។ រីឯសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់