Post News Media ព័ត៌មានជាតិ អានសាររំលែកទុ...

អានសាររំលែកទុក្ខរបស់ក្រសួងសុខាភិបាល ហូរទឹកភ្នែកចំពោះការបាត់បង់ឥស្សរជនមនុស្សធម៌ដ៏ឆ្នើមលោក Dr. Beat Richner ដែលសង្រ្គោះអាយុជីវិតកុមារកម្ពុជា

ភ្នំពេញ: យោងតាមផេក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានបង្ហាញពី ការសោកស្តាយជាអនេកនិងការចូលរួមមរណ:ទុក្ខរបស់ក្រសួងសុខាភិបាល​ចំពោះការបាត់បង់ឥស្សរជនមនុស្សធម៌ដ៏ឆ្នើម ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា ពីជំងឺដង្កាត់ផ្សេងៗ​៖

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ បានទទួលព័ត៌មានប្រកបដោយក្តីរន្ធត់ក្រៀមក្រំជាទីបំផុត​ អំ​ពីមរណ:ភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត​ បីត​ រីចច្នឺ​ (Prof. Dr. Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​កម្ពុជា​ កាលពីព្រឹកថ្ងៃអាទិត្យ​ ទី៩​ ខែកញ្ញា​ ឆ្នាំ២០១៨ (ពេលវេលានៅទីក្រុងហ្សឺណែវ)​ ក្នុងជន្នាយុ​ ៧១​ ឆ្នាំ​ ដោយរោគាពាធ​ នៅប្រទេសស្វីស។

ឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ តាងនាមឲ្យថ្នាក់ដឹកនាំ​ បុគ្គលិក​-មន្ត្រីសុខាភិបាល​ លោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យនៃក្រសួងសុខាភិបាល​ ជាពិសេសនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់​ និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់​ សូមសំដែងនូវការសោកស្តាយជាទីបំផុតចំពោះមរណ:ភាពនិងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ​ ដែលនេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា​ និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។ ២៥ឆ្នាំកន្លងទៅនេះ​ ឯកឧត្តមវេជ្ជបណ្ឌិត​ បីច​ រីចច្នឺ​ បានបង្កើតស្នាដៃមនុស្សធម៌ដ៏ធំធេងនៅក្នុងប្រវត្តិនៃការអភិវឌ្ឍន៌វិស័យសុខាភិបាលកម្ពុជាក្រោយពីថ្ងៃរំដោះ​ ៧​ មករា​ ១៩៧៩មក​ គឺការបង្កើត​ ពង្រីក​ និងអភិវឌ្ឍ​មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសៀមរាប​។ ហើយឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ បានបង្ហាត់បង្ហាញដឹកនាំការពិនិត្យព្យាបាលជំងឺកុមារនៅកម្ពុជា​ ទោះជាស្ថិតនៅក្នុងដំណើរដ៏លំបាកលំបិនក៏ដោយ​ ក៏ ឯកឧត្តមសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត​ បីត​ រីចច្នឺ​ មិនរុញរាឡើយ​ ថែមទាំងបានលះបង់ទាំងកម្លាំងកាយ​-ចិត្ត​ ប្រាជ្ញា​ ស្មារតី​ តំរិះវេជ្ជសាស្រ្ត​ និងសន្តានចិត្តមនុស្សធម៌ដ៏ល្អប្រពៃ​ ព្រមទាំងស្វែងរកនិងប្រមូលវិភាគទានសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជាដោយកម្លាំងផ្ទាល់ខ្លួនដោយមិនមានការនឿយហត់​ ដើម្បីសុខភាពកុមារកម្ពុជា។ ទង្វើខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ គឺពិតជាគំរូវីរភាពដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ​ ហើយតាមរយ:ស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ ខាងលើនេះ​ដែរ កុមារកម្ពុជាជាច្រើននាក់ទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ​ ហើយសមិទ្ធិផលដែលបានកើតចេញពីស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ នៅលើទឹកដីកម្ពុជានេះ​ និងពិតជាបានបន្សល់ទុកឲ្យជាផលប្រយោជន៌​ សម្រាប់កុមារកម្ពុជាជាបន្ត​ និងនៅស្ថិតស្ថេរជានិរន្តន៌។ យើងនិងខិតខំបន្តនូវបេសកកម្មមនុស្សធម៌របស់ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ ជាបន្តទៀត​ ដើម្បីសុខភាពកុមារកម្ពុជា​ មិនឲ្យសាបសូន្យឡើយ។

លើសពីនេះ​ យើងខ្ញុំទាំងអស់គ្នា​ និងចារិកទុកក្នុងចិត្តនូវទង្វើមនុស្សធម៌ដ៏ល្អប្រពៃរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ ដូចបានរៀបរាប់ខាងលើ​ និងដើម្បីជាសក្ខីភាពនៃការគោរពនូវវីរភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានចាត់ចែងរៀបចំពិធីគោរពវិញ្ញាណខ័ន្ធ​ឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាលនៅថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៨​ វេលាម៉ោង៣​រសៀល។

យើងខ្ញុំទាំងអស់គ្នា​ សូមសំដែងនូវក្តីសោកស្តាយជាខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ​។ យើងខ្ញុំទាំងអស់គ្នា​ សូមចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ ហើយយើងខ្ញុំទាំងអស់គ្នា​ សូមលើកដៃប្រណំបួងសួងជូនវិញ្ញាណខ័ន្ធឯកឧត្តមសាស្ត្រាចារ្យ​ បីត​ រីចច្នឺ​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

Loading...