ព័ត៌មានជាតិ

​សុំលុយម្តាយមិនបាន! ទាញដំបងដែកវាយម្តាយនិងប្អូនស្រីហើមមុខនិងបែកក្បាល គំរាម ម្តាយបើហ៊ានប្តឹងដឹងតែស្លាប់!…​

ភ្នំពេញ: ស្ត្រីចំណាស់វ័យ៥០ឆ្នាំម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងទាំងទឹកភ្នែកស្រស្រេចស្រស្រាក់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ ទៅលើកូនប្រុសរបស់ខ្លួនដែលបានប្រើប្រាស់អំពើហិង្សាយកដំបងនិងដែកវាយដំទៅលើរូបគាត់និងប្អូនស្រីបណ្តាលឲ្យរងរបួសបែកក្បាលនិងបែកមុខបែកមាត់ ព្រោះតែរឿងសុំលុយពីម្តាយមិនបាន ហើយថែមទាំងគំរាមម្តាយមិនឲ្យប្តឹងថែមទៀតបើហ៊ានប្តឹងនិងសម្លាប់ចោល​។

ហេតុការណ៍មួយនេះបានកើតឡើងនៅវេលារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្ទះជួល ភូមិថ្មគោល៣ សង្កាត់ចោម
ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ស្រ្តីជាម្តាយ​អាយុ៥០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរអ្នកលាងកែវកាហ្វេ និងប្អូនស្រីសុំមិនបញ្ចេញឈ្មោះបានរងរបួសបែកមុខបែកមាត់និងដងខ្លួនយ៉ាងដំណំ​។ ចំណែកជនបង្កដែលជាកូនរូបនោះមានឈ្មោះ ជុំ សៅ លី អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណង់ហើយនិងរើសអេតចាយ។

តាមសម្តីជាម្តាយរងគ្រោះខាងលើបានរៀបរាប់ ទាំងទឹកភ្នែកថា នៅមុនកើតហេតុជនសង្ស័យជាកូនរូបនោះបានធ្វើការជាកម្មករសំណង់ បានលុយចំនួន២៣ម៉ឺនរៀលហើយឲ្យទៅម្តាយចំនួន១៣ម៉ឺនរៀល កាលពីមុនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្នាក់ជាតិ​។

ស្រ្តីខាងលើបានបន្តទៀតថា បន្ទាប់ពីឲ្យលុយមកលើរូបហើយនោះ យុវជនដែលជាកូនតែងតែសុំលុយពីគាត់វិញម្តង ២ពាន់រៀល ៣ពាន់រៀល ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យកទៅហូប
បាយស្រូប ផឹកកាហ្វេ និងលេងខ្លាឃ្លោក ជាងរៀងរាល់ថ្ងៃ រាល់ពេលដែលយុវជនរូបនោះសុំត្រូវតែឲ្យជាដាច់ខាតបើសិនជាមិនឲ្យម្តងណានោះយុវជននោះនិងរករឿងបោកចានបោកឆ្នាំចោលខ្ទេច​។

ស្រ្តីខាងលើបានបន្តថា ខណ:មកដល់វេលាម៉ោងកើតហេតុខាងលើបានសុំលុយ២ពាន់រលផឹកកាហ្វេ តែគាត់ពុំមានលុយឲ្យរហូតយុវជនរូបនោះបានរករឿងនិងវាយដំទៅលើប្អូនស្រីវាយផងធាក់ផងទាត់ផងបណ្តាលឲ្យរងរបួសពេញខ្លួន ខណ:ឃើញដូចនោះស្រ្តីជាម្តាយក៏បានចូលទៅឃាត់ក៏ត្រូវកូនប្រុសរបស់ខ្លួនយកដំបងនិងដែកវាយចំក្បាលបណ្តាលឲ្យរបួសបែកក្បាលបន្ថែមទៀត បន្ថែមលើសពីនោះយុវជនរូបនេះបានគំរាមម្តាយមិនឲ្យទៅប្តឹងនគរបាលឡើយ បើហ៊ានប្តឹងនិងសម្លាប់ម្តាយចោលតែម្តង ។

ក្រោយកើតហេតុស្រ្តីរងគ្រោះជាម្តាយដោយមានការភ័យខ្លាចទ្រាំ​លែងបានគាត់បានសម្រេចចិត្តរត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ២ ឲ្យជួយអន្តរាគមន៍តាមផ្លូវចាប់។
ក្រោយពេលទទួលដំណឹងនេះភ្លាមកម្លាំងនគរបាលបានចុះទៅ ចាប់វាយខ្នោះជនសង្ស័យខាងលើនោះភ្លាមៗដើម្បីចាត់ការតាមផ្លូវច្បាប់​៕

មតិយោបល់