ព័ត៌មានជាតិ

រថយន្តសាំយ៉ុង ពន្លះម៉ូតូគុបជ្រុង ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

តាកែវ: កាលពីវេលាម៉ោង៦និង៣៥នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៩១-៩២ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-5290 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង C90 ពណ៌ទឹកប៊ិច អត់ផ្លាកលេខ បើកបរដោយឈ្មោះ ញ៉ាត់ ធាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ខណ:ដែលបើកបរមកពីទិសខាងលិច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង កសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកឯសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់