ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យឆក់កាបូបបាន៣នាក់ ២ករណីផ្សេងគ្នា!

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណ: ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ រួមជាមួយកម្លាំងប៉ុស្តិ៍ផ្សេងទៀត តាមស្ទាក់ចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ កាបូប២ករណីផ្សេងគ្នា កាលពីវេលាម៉ោង៨យប់ និងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ចាប់ខ្លួនបានលើកទី១ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ កែវ សុវណ្ណរចនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជាតិ អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនបាត់​។ រីឯជនសង្ស័យ ករណីទី២ សមត្ថកិច្ចចាប់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ រឿន សុភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ​។ ទី២ ឈ្មោះ វុទ្ធ សកណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងករណីទី១ ឈ្មោះ សេង ហម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ៥១៤ ក្រុម១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយសម្ភារ:និងកាបូប ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ។ ចំណែកជនរងគ្រោះ ក្នុងករណីទី២ ឈ្មោះ RUI FAIIAN ជាជនជាតិចិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីជនសង្ស័យ ធ្វើសកម្មភាព ឆក់កាបូនជនរងគ្រោះ ទាំង២ករណី ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កំពុងល្បាតស្រាប់ ដេញស្ទាក់ចាប់ខ្លួនបាន សរុប២លើក បាន៣នាក់ ដកហូតបានម៉ូតូ២គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព​។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី​៕

មតិយោបល់