ព័ត៌មានជាតិ

​​គេចពីរថយន្តក្រុង ចូលទៅចិញ្ចើមផ្លូវ ដួលរងរបួសម្នាក់ឯង!

​​ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូប្រញាប់ចូលធ្វើការងារ ល្បឿនលឿន គេចពីរថយន្តក្រុងខាងមុខ ចូលទៅផ្នែកខាងចិញ្ចើម ដក់ទឹកនិងភក់ បែរជារអិលដួលបោកម្នាក់ឯង បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
​​
ជនរងគ្រោះឈ្មោះ លី គឹមដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃមាន់ ឃុំព្រៃមាន់ ស្រុកពាមជរ ខេត្តព្រៃវែង​។

​តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលដល់ម៉ោងត្រូវចូលធ្វើការ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-7516 ប្រញាប់ តាមផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចខាងលើ គេចពីរថយន្តក្រុង នៅខាងមុខ ចូលទៅចិញ្ចើមផ្លូវ បេតុង ដែលមានដក់ទឹក និងភក់ បែរជារអិលដួលបោកតែម្តង​។​

ជនរងគ្រោះ ក្រោយកើតហេតុត្រូវបានប្រជាពលរដ្ឋជួយហៅរករថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ចំណែកម៉ូតូ ក្រុមគ្រួសារ យកទៅជួសជុលដោយខ្លួនឯង​៕​

មតិយោបល់