ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ឆក់​ទូរសព្ទ​ដៃពីមេការ​ខារ៉ាអូខេ​ឃីងទ្រហ្គន់​ បានសម្រេច រត់មិនរួចទៅបុកខឿនសួនច្បារចែក​ទ្រូង​ផ្លូវដួល ​របួសធ្ងន់ធ្ងរ

ភ្នំពេញ: ជនសង្ស័យ​២នាក់ វ័យប្រហែល២០ឆ្នាំ បាន​រងរបួសធ្ងន់ធ្ងរ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ បន្ទាប់ពីធ្វើសកម្មភាពឆក់​ទូរសព្ទ​ដៃពីបុរសម្នាក់បានសម្រេច ហើយព្យាយាមបើករត់គេចខ្លួន​ទៅបុកខឿន​សួនច្បារ​ចែក​ទ្រូង​ផ្លូវ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី​វេលាម៉ោង​១និង១០​នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ត្រង់ចំណុច​ស្តុប​ផ្សារ​ដី​ហុយ​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​កែងនិងផ្លូវ​១៩៨៦​ ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ​។

ជនរងគ្រោះ​មានឈ្មោះ​ យ៊ុង​ មុន្នី​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ ជាមេការ​ខារ៉ាអូខេ​ឃីងទ្រហ្គន់​ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌសែនសុខ។

បើតាមប្រពភព័ត៌មានពីជនរងគ្រោះ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ GIORNO ពណ៌​ស​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​1DF-2393។ ដែលទើបតែជិះចេញមកពីកន្លែងធ្វើការបំណងជិះទៅហូបមីឆានៅក្បែរកន្លែងកើតហេតុ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលិចមុខជនសង្ស័យ២នាក់​ខាង​លើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HE-6641 ជិះមកពីក្រោយ​ហើយក៏​ធ្វើសកម្មភាព​ឆក់​ទូរសព្ទ​ដៃ​មួយគ្រឿងម៉ាកសាំស៊ុងពី​ជនរងគ្រោះ​ដែល​ដាក់​ក្នុង​ហោប៉ៅ​អាវ​បានសម្រេច​។ ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ព្យាយាម​បើក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​។ ហើយ​ជនរងគ្រោះ​ក៏​ស្រែក​ចោរ​ៗ​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បានយកដុំថ្ម​គុប​ទៅលើ​ជនសង្ស័យ​ បណ្តាលឲ្យម៉ូតូជនសង្ស័យខាងលើដួលទៅបោកនិងខឿនសួនច្បារចែកទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរទាំង២នាក់ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងទៅរថយន្តគ្រោះបន្ទាប់ឲ្យមកធ្វើការដឹកជនសង្ស័យទាំង២នាក់ខាងលើទៅសង្គ្រោះទៅឯមន្ទីរពេទ្យព្រះកុសុម: រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់