Post News Media ព័ត៌មានជាតិ ប្រទះឃើញសាកសព...

ប្រទះឃើញសាកសពអណ្តែតទឹក អ្នកស្រុកអះអាងថា ជាមនុស្សវិកលចរិតដើរក្នុងភូមិរាល់ថ្ងៃ!..

កណ្តាល: កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណី ប្រទះឃើញសាកសពអណ្តែតទឹក ដោយមិនស្គាល់អត្តសញ្ញាណ តែអ្នកស្រុកអះអាងថា ជាមនុស្សវិកលចរិត ដើរក្នុងភូមិរាល់ថ្ងៃ នៅចំនុចក្នុងបឹងចុងព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សពជនរងគ្រោះ​ ភេទប្រុស​ អាយុប្រហែល៥៣ឆ្នាំ​ ស្លៀកខោជើងវែង ពណ៌ខ្មៅ អាវយឺត ពណ៌ក្រហមដៃវែង សក់ខ្លី​ សម្បុរខ្មៅ កម្ពស់ប្រហែល១.៦៥ម៉ែត្រ។

​មុនពេលកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ថា គាត់ប្រទះឃើញសពអណ្តែតទឹកនៅចុងព្រែកបាឡាត់ឆឹង។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានចុះដល់កន្លែងហេតុ ឃើញមានសាកសពអណ្តែតទឹក ប្រាកដមែន។

ក្រោយមកកម្លាំងជំនាញ ស្រុកប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ បានចុះពិនិត្យសាកសពរួចឃើញថាជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ដូច្នេះតាមការសន្និដ្ឋាន ជនរងគ្រោះ ស្លាប់ដោយសារលង់ទឹក។

ហើយបើតាមការបំភ្លឺរបស់ប្រជាជន ឈ្មោះ ឈន គោ​ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រែកបាឡាត់ឆឹង​ ឃុំត្រើយស្លា បានឲ្យដឹងថា​ ខ្លួនគាត់ធ្លាប់ឃើញជនរងគ្រោះ​ ជាមនុស្សវិកលចរិត រត់តាមភូមិ​សឹងរាល់ថ្ងៃ ទើបតែមិនឃើញប្រហែល២ថ្ងៃ ស្រាប់តែឃើញស្លាប់អណ្តែកទឹកទៅវិញ​ ។

ក្រោយពិនិត្យរួច​ កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកបាន​កប់សាកសព នៅចុងព្រែកបាឡាត់ឆឹង រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកបញ្ជាក់អត្តសញ្ញាណ៕

Loading...