ព័ត៌មានជាតិ

រថយន្តពីរគ្រឿងពន្លះគ្នាពេញទំហឹង ផ្ដាច់ជីវិតបុរសម្នាក់

កំពង់ចាម: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ០៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៧៩ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

រថយន្តបង្ក ម៉ាកហ៊ិនដាយ ពាក់ស្លាកលេខភ្នំពេញ 3C-8385​ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើងមកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ចាម 2A-4379 បើកបរដោយឈ្មោះ ធី វុត្ថាភេទប្រុសអាយុ ២៩ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ បើកច្រាសទិសគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ និងខូចរថយន្តទាំងសងខាងយ៉ាងដំណំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសាររថយន្តម៉ាកហ៊ិនដាយ បើកបរមិនប្រកាន់ស្តាំ ហើយបច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ៕

មតិយោបល់