ព័ត៌មានជាតិ

រថយន្តកាមរី២គ្រឿង ពន្លះត្រង់ចំណុចផ្លូវបែកជាបួន ខ្ទេចទាំងសងខាងផ្អើលទាំងកណ្តាលយប់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីហាយប្រីត មួយគ្រឿង បុករថយន្តកាមរីបាឡែន ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យវិលមួយជុំរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិងនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមរីហាយប្រីត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-1562 បើកតាមបណ្តោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ដល់ផ្លូវបែកជាបួនមិនបង្អន់ល្បឿន ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0373 បើកតាមបណ្តោយផ្លូវ៤៣២ ទិសដៅពីលិចទៅកើត បុកបណ្តាលឲ្យរថយន្តកាមរីបាឡែនវិលមួយជុំ រងការខូចខាតផ្នែកខាងឆ្វេងរថយន្តស្ទើរតែទាំងស្រុង។ រីឯរថយន្តកាមរីហាយប្រីតជារថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុ វាស់វែង និងស្ទូចយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់