ព័ត៌មានជាតិ

រថយន្ដ HIGHLANDER ស្លាកលេខភ្នំពេញ 2AC-2470 បើកបរទាំងស្រវឹងជ្រុលទៅបុកដើមឈើ ខូចខាតយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់បើករថយន្ដម៉ាកHIGHLANDER ទាំងស្រវឹងជ្រុលទៅបុកជាមួយដើមឈើ បណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ ហើយរថយន្ដបង្កបានដាច់កាឡេកង់ក្រោយបើកទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤០ នាទី រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោលផ្លូវព្រះមុន្នីវង្ស ខាងត្បូងស្តុបបូកគោប្រមាណជា២០០ម៉ែត្រ ក្នុងសង្កត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលគាត់បានឃើញហេតុការណ៍ខាងលើនេះ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដម៉ាក HIGHLANDER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2470 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ខណ:ទៅដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកនឹងដើមឈើដែលនៅជាប់ផ្លូវ បណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ក្រោយផ្នែកខាងឆ្វេងទៅមុខលែងរួច រួមទាំងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។ រីឯម្ចាស់រថយន្ដបានគេចបាត់ស្រមោល ដោយទុកចោររថយន្ដនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់