Post News Media ព័ត៌មានជាតិ បុរសជនជាតិថៃ ...

បុរសជនជាតិថៃ បើករថយន្តបុកគោយន្តពីក្រោយ រងរបួសធ្ងន់ស្រាលប្រុសស្រី៥នាក់!..

​បាត់ដំបង: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងគោយន្តកន្ត្រៃ បើកបរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្សប្រុស​ស្រី​​៥នាក់ ​រងរបួសធ្ងន់និងស្រាល នៅលើ​ផ្លូវជាតិលេខ៥ ក្រុមទី១០ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

រថយន្តម៉ាក ការ៉ាវីល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2l-6826 បើកបរដោយឈ្មោះ កាំម៉ុន កុងសេង ភេទប្រុស អាយុ៥០ឆ្នាំ ជាជនជាតិថៃ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយគោយន្តកន្ត្រៃសណ្តោងរឺម៉កពីក្រោយ បណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្ត​៤នាក់រងរបួសធ្ងន់និងស្រាល​តែម្តង។ ជនរងគ្រោះ​ទាំងអស់គ្នាមានទីលំនៅក្នុងភូមិ សំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែក​អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ អែម អួច ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិតាំងយ៉ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (របួសធ្ងន់) ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ពិនិត្យវាស់វែង និងដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ ចំពោះ​ករណីនេះ រថយន្តនិងគោយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមោងឬស្សី ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

Loading...