ព័ត៌មានជាតិ

ស្ត្រីម្នាក់ កំពុងហាលត្រីងៀតសុខៗ ត្រូវដើមដូងបាក់សង្កត់របួសធ្ងន់

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់ កំពុងហាលត្រីសុខៗ ស្រាប់តែត្រូវដើមដូងងាប់ បាក់ធ្លាក់សង្កត់លើ បណ្តាលឲ្យរបួសធ្ងន់សន្លប់មួយសន្ទុះធំ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចដីឡូត៍មួយកន្លែង ក្បែរការ៉ាស់សាំងតេលា ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីខាងលើកំពុងហាលត្រីសុខៗ ដែលមានចម្ងាយពីដើមដូងងាប់ ដែលមានសភាពពុកប្រហែល៥ម៉ែត្រ ស្រាប់តែដើមដូងបានបាក់ពាក់កណ្តាលដើម ធ្លាក់ចុះមកក្រោមសង្កត់ចំក្បាលស្ត្រីខាងលើសន្លប់មួយសន្ទុះទើបដឹងខ្លួន និងរបួសធ្ងន់ផងដែរ។ ភ្លាមៗនោះស្ត្រីខាងលើត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនដែលនៅក្បែរនោះ។

ដោយសារសាត់ញាតិភ័យស្លន់ស្លោរពេក ខ្លាចជនរងគ្រោះមានគ្រោះថ្នាក់ដល់អាយុជីវិត ក៏ប្រញាប់ប្រញ៉ាល់បញ្ជូនតាមរ៉ឺម៉កទៅគ្លីនិកឯកជន ព្រោះស្ថានភាពជនរងគ្រោះមានសភាពធ្ងន់​ ហើយស្ត្រីខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាង៥០ឆ្នាំ៕

មតិយោបល់