ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តដឹកត្រីសមុទ្របុកម៉ូតូ ជ្រុលទៅបុករថយន្តដឹកកម្មករមួយគ្រឿងទៀត ស្លាប់ម្នាក់និងរបួស៧នាក់ នៅស្រុកព្រៃនប់!..

ព្រះសីហនុ: កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ និងបន្តទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស​៧នាក់ នៅ​ផ្លូវជាតិលេខ៤ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្ក​ដឹក​ត្រី​សមុទ្រ​ ​ម៉ាក​ HYUNDAI ពណ៌ស ពាក់ស្លាកលេខ​ព្រះសីហនុ​3A-3982​ បើកបរ​ដោយ​ឈ្មោះ​ តួ​ន​ ស៊ីសាវ៉ែន​ ភេទ​ប្រុស​ អាយុ​ ៣៧ឆ្នាំ​​ ទីលំនៅ​ក្នុងខេត្ត​កំពត​ មានទិសដៅចេញពី​ខេត្ត​ព្រះសីហនុ​ ​បាន​បុក​ពីខាង​ក្រោយ​ម៉ូតូ​​ម៉ាក​ Scoopy ពណ៌​ស​ គ្មានស្លាកលេខ​ អ្នកបើកបរ​ ភេទ​ ប្រុស​ (មិន​ទាន់ស្គាល់​អត្តសញ្ញាណ​ ) ទិសដៅ​ស្របគ្នា​ រួច​បានបន្ត​ទៅ​មុខ​បុក​រថយន្ត​កូរ៉េ​ ដឹកកម្មករ​​សំណង់​មួយគ្រឿង​ទៀត​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ​កំពត​2A-1130 បើកបរ​ដោយ​ឈ្មោះ​ ផុត​ ផេន​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​​ មានទីលំនៅ​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​​ ​ មានទិសដៅ​ស្របគ្នា​។

ក្នុងហេតុការណ៍នេះបណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ស្លាប់ និង​ រងរបួស​មនុស្ស​ចំនួន​ ៧នាក់​ ៖ជនរងគ្រោះរួមមាន
១-​មិន​ទាន់ស្គាល់​អត្តសញ្ញាណ​ អ្នកបើកបរម៉ូតូ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​។
២-ឈ្មោះ​ តួន​ ស៊ីសាវ៉ែន​ អ្នកបើកបរ​រថយន្ត​ដឹកត្រី​ រងរបួស​ ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេតេ​ ។
៣-ឈ្មោះ​ ឆេង​ ស្រីអែម​ ភេទ​ ស្រី​ អាយុ​ ៣២ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​​ រងរបួស​ ធ្ងន់​​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ។
៤-ឈ្មោះ​ ចាម​ សុជាតិ​ ភេទ​ ប្រុស​ អាយុ​ ២២ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ រងរបួស​ មធ្យម​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។
៥-ឈ្មោះ​ ផាត់​ ញ៉ូ​ ភេទ​ ប្រុស​ អាយុ​ ១១ឆ្នាំ​ មុខរបរ​ សិស្ស​ រួម​ដំណើរ​លើ​រថយន្ត​ដឹក​កម្មករ​ រងរបួស​ ស្រាល​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ។
៦-ឈ្មោះ​ មឿន​ មាក់​ ភេទ​ ប្រុស​ អាយុ​ ១៦ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ រងរបួស​ ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ។
៧-ឈ្មោះ​ ឈឹម​ នឿន​ ភេទ​ ស្រី​ អាយុ​ ៦៥ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ រងរបួស​ ធ្ងន់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។
៨-ឈ្មោះ​ ស៊ុម​ មានិត​ ភេទ​ ប្រុស​ អាយុ​ ២៩ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ រងរបួស​ មធ្យម​ បានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។
(អ្នក​រួម​ដំណើរ​លើ​រថយន្ត​ដឹក​កម្មករ​សំណង់​ ទាំង​អស់​ស្នាក់នៅ​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​​ )​ ។

ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកវត្ថុតាង​​រថយន្ត​២គ្រឿង​ និង​ ម៉ូតូ​១គ្រឿង ​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បីដោះស្រាយបន្ត៕

មតិយោបល់