ព័ត៌មានជាតិ

រថយន្ត Scion មួយគ្រឿង បត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវបានម៉ូតូ Icon បុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកScionមួយគ្រឿង បត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នក៏មានម៉ូតូមួយគ្រឿងទៀតជិះបញ្ច្រាស់ទិសដៅគ្នា បុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខនឹងផ្សាររាត្រី) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកScion ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AS-9190 បើកតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ក៏បានបម្រុងបត់ទៅផ្លូវលេខ១០៦ បត់មិនប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកIcon ពណ៌ទឹកក្រូចលាយខ្មៅ មួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ 1AN-7549 បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាជាមួយរថយន្តក៏ជ្រុលទៅបុករថយន្តចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងធ្ងន់និងអ្នករួមដំណើរជាមួយរថយន្តបោកក្បាលនឹងកញ្ចក់បែកក្បាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់