ព័ត៌មានជាតិ

ម៉ូតូកង់បីឥណ្ឌា បើកឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាកព្រុស ពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូកង់បីឥណ្ឌា មួយគ្រឿង បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាកព្រូសបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់កង់បីផ្ងារជើងច្រង៉ាង បង្កឲ្យមានអ្នករងរបួសម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មុខមុនីចេតិយ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កំពត 1N-5890 បើកតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិចមិនគោរពភ្លើងសញ្ញាចរាចរណ៍ឆ្លងបានពាក់កណ្តាលផ្លូវ ក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-0023 បើកតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូង បុកម៉ូតូកង់បីឥណ្ឌានោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាភ្ញៀវរបស់កងបីឥណ្ឌានោះរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ។ រីឯម៉ូតូកង់បីឥណ្ឌាវិញបែកកញ្ចក់ខាងមុខធ្លាក់មកក្រោមនិងក្រឡាប់ផ្ងារជើងច្រង៉ាង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុ វាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់