ព័ត៌មានជាតិ

មុខសញ្ញគាស់ផ្ទះលួចទ្រព្យសម្បត្តិដ៏សកម្មម្នាក់ នៅក្នុងក្រុងសៀមរាប ត្រូវសមត្ថកិច្ចបង្ក្រាបបាន

សៀមរាប: កាលពីថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣៥នាទីរសៀល នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់នគរធំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ល.ណ.រ.ម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរឥស្លាម​ មានទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ​ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានមកប្តឹងរាយការណ៍ជូនសមត្ថកិច្ចយើងថា ខណ:ពេលដែលគាត់មិននៅផ្ទះ មានជនសង្ស័យមិនស្គាល់មុខ និងមិនដឹងចំនួនបានធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់គាត់ចូលទៅក្នុងផ្ទះលួចយកសម្ភារ:មួយចំនួនដូចជា៖
-សន្លឹកទ្វារធ្វើអំពីឈើធ្នង់ចំនួន១០សន្លឹក មានទំហំ ៩៤ ស.មx២១០ ស.ម
-ក្តាងឿរប្រភេទឈើធ្នង់ និងកកោះ​ទំហំ៦០ ស.មx២ម៉ ចំនួន០៥សន្លឹក
-ឈើជ្រុងប្រភេទឈើធ្នង់មុខ ៣០ស.ម​ និង ៤០ស.ម ប្រវ៉ែង១,២០ម៉ែត្រ​ចំនួន៤០ដុំ
– សាឡុងប្រភេទឈើបេង​មួយឈុត, តុបាយប្រភេទឈើបេងចំនួន០២
-វ៉ាលីសម្រាប់ដាក់ខោអាវ ពណ៌ខៀវចំនួន០១
-ស៊ីមកាតទូរសព្ទចំនួន៥០០ស៊ីម
-គ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ។​

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក យ៉ុម យ៉ាត ក្រោមការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯកទេព ចាន់ណា អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងលោកអធិការរងទទួលបន្ទុកផ្នែកនគរបាល យុត្តិធម៌ បានបើកការស៊ើបអង្កេត លុះមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ ព្រឹក កម្លាំងនគរបាល យើងបានប្រទះឃើញ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ បានមកឈប់ម៉ូតូក្បែរកើតហេតុខាងលើម្តងទៀត ដោយមានការសង្ស័យកម្លាំងនគរបាលបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ ដោយមានការសហការពីបងប្អូនប្រជាការពារភូមិ ឃាត់ខ្លួន នាំមកធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី នួន សក្តិចម្រើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌ បានឲ្យដឹងថាជនសង្ស័យឈ្មោះ សាំង​ ឡុង​ ភេទប្រុស​ អាយុ២៧ឆ្នាំ មុខរបរជាងឈើ​ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅក្រុមទី០៦ ភូមិខ្នារ​ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។

ហើយក្រោមការសាកសួរតាមនីតិវិធីជំនាញជាច្រើនម៉ោង ជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើ សកម្មភាពលួចយកសម្ភារ:របស់ជនរងគ្រោះខាងលើពិត ប្រាកដមែនដោយគាស់ទ្វារផ្ទះចូលទៅប្រមូលយកគ្រឿងឈើមានតម្លៃជាច្រើនលើករួចមកហើយ ខណ:ម្ចាស់ផ្ទះកើតហេតុនេះមិននៅ ។

ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងយើងបានបន្តនិតិវិធី ធ្វើការដកហូត វត្ថុតាង ដែលជនសង្ស័យលាក់ទុកនៅក្នុងបន្ទប់ជួល បានមួយចំនួនដូចជា៖
-សន្លឹកទ្វារឈើប្រភេទឈើធ្នង់ចំនួន០៣សន្លឹក
-ក្តាងឿរប្រភេទឈើកកោះចំនួន០២សន្លឹក
– វ៉ាលីសម្រាប់ដាក់ខោអាវពណ៌ខៀវ ចំនួនមួយ
– ស៊ីមកាតទូរសព្ទប្រព័ន្ធ០៩៧ ចំនួន០២ដុំ សរុប៥០០ស៊ីម
-ឧបករណ៍សម្រាប់ច្នៃជក់គ្រឿងញឿនមួយចំនួន។
-តុបាយ ប្រភេទឈើបេង ចំនួន០២ មានរាងមូល១ ពងក្រពើ១
-សន្លឹកទ្វារប្រភេទឈើធ្នង់ ចំនួន០១សន្លឹក
-ឈើមានដុះពកចំនួន១
-ឈើតាប់ប្រភេទ ឈើបេងចំនួន០១សន្លឹក
-ជនសង្ស័យនិងវត្ថុតាងកម្លាំងសមត្ថកិច្ចបានបញ្ចូនទៅតុលាការឃុំខ្លួនរួចហើយនៅថ្ងៃទី១៥.០៩.២០១៨ ក្រោមបទចោទប្រកាន់អំពើលួចមានស្ថានទម្ងន់ទោស៕

មតិយោបល់