ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ស្លាប់នៅក្នុងការដ្ឋានជីកដីមួយកន្លែង ក្នុងស្រុកអង្គស្នួល

កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានការប្រទះឃើញ សពបុរសម្នាក់ បានខ្យល់គរស្លាប់ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានជីកដី ក្បែររថយន្តរបស់ខ្លួន ក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ រ៉ិន មៀន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរឡាន ស្ថិតនៅក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល មានប្រពន្ឋនិងកូន៣នាក់ ស្រីម្នាក់ ប្រុស២នាក់។

តាមការសួរបំភ្លឺរបស់ម្ចាស់ឡានឈ្មោះ អាង ស៊ីណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ នៅភូមិពោងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងប្រហែល៨និង១៥នាទី ជនរងគ្រោះបានតេប្រាប់គាត់ថាអត់បានបើកឡានទេថ្ងៃនេះ ព្រោះអត់ស្រួលខ្លួនទេ។ ពេលនោះគាត់ប្រាប់ឲ្យទៅពេទ្យមើលជំងឺសិនទៅ មិនបាច់ខ្វល់រឿងលុយខ្ញុំទេ ទៅទិញថ្នាំពេទ្យលេបឲ្យស្រួលខ្លួនទៅ ម៉ាក់អាបីតប៉ុណ្ណឹងបានហើយ ខ្ញុំសុំឡានគេទៅជាមួយ ពេលនោះគាត់ក៏បិទទូរសព្ទទៅ ។ ក្រោយមកឈ្មោះ ចន្ទ័ សាន ភេទប្រុស អាយុ៣៩ឆ្នាំ អ្នកលក់ទឹកអំពៅ នៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល គាត់បានមកលក់ទឹកអំពៅនៅក្នុងការដ្ឋានជីកដី ពេលនោះជនរងគ្រោះបានហៅគាត់មកទិញទឹកអំពៅ១កែវ តម្លៃ១.០០០រៀល គាត់ក៏បើកម៉ូតូចេញទៅលក់ឲ្យអ្នកផ្សេងទៀតទៅ។ ពេលនោះគាត់ត្រឡប់មកវិញឃើញគេចោមរោមមើល គាត់ក៏សួរគេថាពីណាថី ពេលនោះបងប្អូននៅកន្លែងកើតហេតុឆ្លើយថាខ្យល់គរ គាត់ក៏ចូលទៅមើលឃើញជនរងគ្រោះស្លាប់ ទៅហើយ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល មកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងប្រពន្ធ ម្តាយ បងប្អូន បានធ្វើការពិនិត្យជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរពិតមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់