ព័ត៌មានជាតិ

​ម៉ូតូបត់មិនប្រយ័ត្ន ប៉ះរថយន្តបើកលឿន បុកគ្នាពេញទំហឹង រងរបួសធ្ងន់ស្រាល៣នាក់!

កណ្តាល: កាលពីវេលាម៉ោង​២និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួស
ស្រី​៣នាក់(ធ្ងន់ស្រី​២នាក់ និងស្រាលម្នាក់​) នៅលើផ្លូវជាតិលេខ២១ ​មុខមន្ទីរកាកបាទក្រហមខេត្តកណ្ដាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បង្កឡើងដោយម៉ូតូ​ម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1S-9014 ជិះដោយឈ្មោះ ផាត សុខកែន ភេទស្រី អាយុ២៧ឆ្នាំ នៅ​ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ) និងអ្នករួមដំណើរ​២នាក់ទៀត ទី១​ឈ្មោះ យឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត) និងទី២​ឈ្មោះ ឡាយ ស្រីគា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាលត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត)។ ម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេង
ក៏បានបុកជាមួយរថយន្តមួយគ្រឿង​ម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2P-9858 អ្នកបើកបរឈ្មោះZHENG JIANZONG អាយុ៣៥ឆ្នាំ(ជនជាតិចិន) នៅភូមិ
ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ​ខេត្តកណ្ដាល​(ឃាត់ខ្លួន)រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង។

មូលហេតុមកពី អ្នកបើកបរ​ម៉ូតូម៉ាកSUZUKI LETS ពាក់ស្លាកលេខ កណ្ដាល​1S-9014 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្ត
LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2P-9858បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ចំពោះករណីនេះ មធ្យោបាយ​ពាក់ព័ន្ធ​បានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី៕

មតិយោបល់