ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀនក្នុងខារ៉ាអូខេ «PRO» ចាប់បានមេក្លោងជួញដូរថ្នាំញៀន២នាក់ ម្នាក់ជាប្អូនថ្លៃ​របស់​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និងជាង១០នាក់ទៀតប្រើប្រាស់!

ភ្នំ​ពេញ: ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ក្នុងនោះមានម្នាក់ជាប្អូនថ្លៃ​របស់​អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ និងជាង១០នាក់ទៀតជាអ្នកប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងខារ៉ាអូខេ «PRO» ។

ការបង្ក្រាបនេះធ្វើឡើងនៅម៉ោងប្រមាណជា៦យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងខារ៉ាអូខេ «PRO» ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

២នាក់ដែលពាក់ពន្ធ័នឹងករណីជួញដូរថ្នាំញៀន ទី១​ឈ្មោះ ទុំ ច​ន្ទ័​ជ​ស្តា ហៅ​អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ន ម៉ា​ប់ ហៅ​អា​ភ​ស្ត័ ហៅ​កង្កែប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​)។ ចំណែកជាង១០នាក់ទៀតសុទ្ធតែជាអ្នកប្រើប្រាស់ជាក់ស្តែង។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ​ថ្នាំ​ញៀន​ប្រភេទ​ខេ​តា​មីន​៣០​គ្រាប់ និង​ម៉េ​តំ​ហ្វេ​តា​មីន​ICE ១៨​កញ្ចប់​តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលការ ចាត់ការតាមច្បាប់ និង​ជាង​១០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ចឲ្យក្រុម​គ្រួសារ​ធ្វើ​កិច្ចសន្យា និង​ធានា​យក​ទៅ​ផ្ទះ​វិញ ​ខ្លះទៀតត្រូវសមត្ថកិច្ច​ប្រគល់​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ យក​ទៅ​ធ្វើការ​អប់រំ៕

មតិយោបល់