Post News Media ព័ត៌មានជាតិ មន្ត្រីនគរបាល...

មន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ សិទ្ធិធំជាងលោកមេប៉ុស្តិ៍ទៅទៀត គ្រាន់តែអ្នកសារព័ត៌មានថតរូបជនសង្ស័យដែលលួចម៉ូតូគេ បានហាមអ្នកកាសែតមិនឲ្យថតរូបថាជាបទបញ្ជាររបស់លោកស្នងការ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ធ្វើការចាប់ឃាត់ខ្លួន ពេលដែលមានក្រុមជនសង្ស័យចំនួន ២នាក់ កំពុងតែនាំគ្នាធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ហើយម្ចាស់គេឃើញទាន់ ក៏ដេញចាប់បានម្នាក់។ ចំណែកឯម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលនោះ។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះជួលគ្មានលេខមួយកន្លែង ផ្លូវលេខ ៣៣៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហុង ឧត្តម អាយុ១៦ឆ្នាំ មានមុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកឯជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួនមិនមានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណឡើយ។

មុនពេលកើតហេតុ បុរសជាជនរងគ្រោះម្នាក់បានទុកម៉ូតូរបស់ខ្លួនម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-9706 មួយគ្រឿង នៅខាងក្រោមផ្ទះជួលរបស់ខ្លួន។ លុះបន្តិចក្រោយមកក៏បាន ដើរចុះមកក្រោមនិងបានឃើញក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1G-7924មួយគ្រឿង កំពុងតែធ្វើសកម្មភាព ក៏បានដេញចាប់បានម្នាក់ និងម៉ូតូភ្លាមៗតែម្តង។ ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។

ក្រោយកើតហេតុ អ្នកសារព័ត៌មានយើងបានទៅថតរូបភាពជនសង្ស័យខាងលើ ដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី១ ដើម្បីយកមកចុះផ្សាយទាំងដែលមានលោកមេប៉ុស្តិ៍ឈរថតជាមួយ ដោយមិនបានឡាយវីដេអូនោះទេ ។ ស្រាប់តែពេលនោះមានមន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ម្នាក់ បានហាមអ្នកកាសែតមិនឲ្យថតរូប ថាជាបទបញ្ជាររបស់លោកស្នងការ ហាក់បីដូចជា មានសិទ្ធិធំជាងលោកមេប៉ុស្តិ៍ទៅទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌចំការមន ចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត៕

Loading...