ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក អូឌី ពន្លះរបងផ្ទះប្រជាពលរដ្ឋលាន់ដូចរន្ទះ​ក្រឡាប់ផ្ងារជើងទាំងកណ្តាលយប់

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបម៉ាក អូឌី មួយគ្រឿង បើកចេញពីបុណ្យគេវិញ សង្ស័យងងុយដេក បានរេចង្កូតបុកនឹងរបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង។ សំណាងណាស់គ្មានអ្នករងរបួសនោះទេ។ ចំណែករថយន្តនិងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២០ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមបញ្ជាក់ផងដែរថា ករណីនេះហាក់ដូចជាមានការលាក់បាំង ដោយសមត្ថកិច្ចក៏មិនអាចបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តបាននោះទេ ព្រោះម្ចាស់រថយន្តជាមន្ត្រីរាជការ សូម្បីតែស្លាកលេខរថយន្តក៏ម្ចាស់រថយន្តបានដោះចេញដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តខាងលើនេះចេញ និងដោះស្រាយគ្នាជាមួយម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងតែម្តង៕

មតិយោបល់