ព័ត៌មានជាតិ

អាសូរណាស់! ​ចេញពីស្រុកមកលេងប្រពន្ធនិងកូន មិនទាន់ដល់​ផង ដួលក្អួតធ្លាក់ឈាម​ស្លាប់មួយរំពេច!

ភ្នំពេញ: បុរសចំណាស់ម្នាក់ខណ:ដែលខ្លួនមានជំងឺ​ប្រចាំកាយ ខំធ្វើដំណើរតាំងពីស្រុកកំណើតឯខេត្តស្វាយរៀង មកលេងប្រពន្ធកូនស្រី ម្យ៉ាងមករកលុយសម្រាប់ទិញថ្នាំព្យាបាលខ្លួនផង ផ្ទុយទៅវិញ អ្វីដែលជនរងគ្រោះប៉ងនោះ បែរជាដួលក្អួតធ្លាក់ឈាម ស្លាប់តាមផ្លូវ​ច្រកចូលបន្ទប់ជួលទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះឈ្មោះ គិត ពិ ភេទប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។ មានប្រពន្ធឈ្មោះ សារុន ណន អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា គាត់មានកូនស្រីចំនួន៤នាក់ រស់នៅឯស្រុកម្នាក់ មើលថែឪពុក កូនស្រីម្នាក់ ស្នាក់នៅ​ធ្វើការ​ជាមួយម្តាយ ផ្ទះជួល​ក្នុងភូមិខាងលើ ចំណែកកូនស្រី២នាក់ទៀត ទៅធ្វើពលករនៅប្រទេសថៃ​។

ស្រ្តីដដែលបន្តទៀតថា ប្តីរបស់គាត់ មានជំងឺ​ប្រចាំកាយ ក្រពះរ៉ាំរ៉ៃ ដោយសារផឹកស្រាច្រើន ព្យាបាលមិនជាសះស្បើយ ហើយមុនកើតហេតុ ប្តីរបស់គាត់ បានប្រាប់គាត់ជាមុនដែរ ថាមកលេងភ្នំពេញ ម្យ៉ាងមករកលុយ ទិញថ្នាំ និងទិញជីដាក់ស្រែផង ហើយខណ:ដែលគាត់កំពុងធ្វើការរោងចក្រក្បែរនោះ ស្រាប់តែសាច់ញាតិទៅប្រាប់ថា ប្តីដួលស្លាប់តាមផ្លូវទៅវិញ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ដើរតាមផ្លូវ ដល់ចំណុចកែងផ្លូវចូលផ្ទះជួល ស្រាប់តែកើតមានអាការ:ក្អក ក្អួតធ្លាក់ឈាម ប្រកាច់ដួលស្លាប់តែម្តង ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថាពិតជស្លាប់ដោយសារជំងឺ​ប្រចាំកាយ​ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់