ព័ត៌មានជាតិ

រថយន្តឡង់គ្រឺស័រ ស្លាកលេខរដ្ឋ១២-២-០៣១៨ គេចអ្នកឆ្លងផ្លូវទៅបុករថយន្តដឹកទឹកកក របួសមនុស្ស៣នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីរាជការ

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាមន្ត្រីរាជការ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤៨នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវខេត្តលេខ២៦៨៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៧-០៨ ក្នុងភូមិបុស្ស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្តថា ករណីនេះកើតឡើងរវាងរថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១២-២-០៣១៨ បើកបរដោយឈ្មោះ ទែន សាវង្ស ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីរាជការ របួសធ្ងន់ រស់នៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើដំណើរពីលិចទៅកើត មានអ្នករួមដំណើរឈ្មោះខែក ដារ៉ាវុធ ភេទប្រុស អាយុ៥៤ឆ្នាំរបួសធ្ងន់ រស់នៅភូមិឃុំជាមួយគ្នា។ បានបុកជាមួយរថយន្តម៉ាក HYUNDAI MIGTHY ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A-0942 បើកបរដោយឈ្មោះ ឡាំ លីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបrអ្នកបើករថយន្តដឹកទឹកកក របួសស្រាល រស់នៅភូមិខ្ចាស់ ឃុំសូនិគមន៍ ស្រុកសូនិគមន៍ ខេត្តសៀមរាប មានអ្នករួមដំណើរឈ្មោះ ហ៊ន់ វ៉ូច ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ គ្មានរបួស រស់នៅ ភូមិ-ឃុំជាមួយគ្នា និងទីលំនៅបច្ចុប្បន្នរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយកើតុហេតុ កម្លាំងជំនាញក្រុងបានចុះធ្វើការវាស់វែង និងបញ្ជូនអ្នករងរបួសទៅព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ។ ចំនែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រង់ចាំការដោះស្រាយតាមនីតិវិធី។

ចំណែកមូលហេតុ បណ្តាលមកពីរថយន្តម៉ាកឡង់គ្រីស័រ បានបើកគេចអ្នកដើឆ្លងផ្លូវ ហើយក៏ជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកក ដែលចតនៅខាងស្តាំដៃបណ្តាលឲ្យខ្ទេចទាំង២គ្រឿងតែម្តង៕

មតិយោបល់