ព័ត៌មានជាតិ

ស្ទាវ២នាក់ ជិះម៉ូតូឃើញប៉ូលិសដាក់គោលដៅ ត្រឡប់ក្រោយលើកដៃបាយៗជ្រុលម៉ូតូមួយគ្រឿងរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងឃើញកម្លាំងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង បានជិះបត់ត្រឡប់ក្រោយហើយលើកដៃបាយៗដាក់សមត្ថកិច្ច ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកស្ទាវ២នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ទាវពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1GK-8344 ទិសពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែកម្លាំងសមត្ថកិច្ចដាក់គោលដៅនៅខាងមុខរួចបានជិះត្រឡប់ក្រោយហើយបានលើកដៃបាយៗដាក់កម្លាំងសមត្ថកិច្ចទៀតផង ខណ:នោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ស៊េរី០៩ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល 1I-0739 ជិះមកពីក្រោយស្របទិដៅគ្នាបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមសង់ រងរបួសបែកក្បាលធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹកយកទៅសង្គ្រោះ។ ចំណែកស្ទាវ២នាក់ទៀត ជិះម៉ូតូបង្ករងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានសហការគ្នាធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌទួលគោក រង់ចាំស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់