ព័ត៌មានជាតិ

ចាប់បានម្នាក់ និងម្នាក់ទៀតរត់រួច ក្រោយពីធ្វើសកម្មភាព ឆក់កាបូបស្ពាយពីនារីបងប្អូន២នាក់

ភ្នំពេញ: នារី២នាក់ដែលត្រូវជាបងប្អូនបង្កើត ខណ:ជិះម៉ូតូទៅផ្ទះវិញ ក្រោយចេញពីរៀនភាសា
ចិន ក៏ជួបនិងជនសង្ស័យចំនួន ២នាក់ បានមកឆក់កាបូបស្ពាយពួកគេ ដែលមានលុយចំនួន៥៤០ដុល្លារ​មិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋ និងនគរបាលប៉ុស្តិ៍ចោមចៅទី២ ឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះ ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១៨ កញ្ញា ២០១៨ ត្រង់ចំណុចផ្លូវវេងស្រេង ភូមិចោមចៅទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ​ទី១ឈ្មោះ ចិត្ត សុវណ្ណារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល អតីត ឡឥដ្ឋ (ផ្ទះឡ) ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) និងទី២ជនសង្ស័យឈ្មោះ ជាតិ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិត សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរត់គេខ្លួន។ រីឯជនរងគ្រោះឈ្មោះ យ៉េង កញ្ញា ភេទស្រីអាយុ២៦ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅសព្វថ្ងៃ បុរីជារី ភូមិព្រៃព្រីងត្បូង១សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងប្អូនស្រី បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូមមើ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GK-8410 បានចេញពីរៀនភាសាចិន នៅម្តុំកាណាឌីយ៉ា ដោយធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងគោលបំណងត្រឡប់ទៅផ្ទះនៅបុរី «ជារី» ភូមិព្រៃព្រីត្បូង១ សង្កាត់ចោមចៅទី២។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជួបនិង ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក យ៉ាម៉ាហា ហ្វីណូ ពណ៌​ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AM -6721 ជិះមកក្បែរម៉ូតូខ្លួនហើយជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន តែមិនបានសម្រេច បណ្តាលឲ្យដួលទាំអស់គ្នា ហើយជនសង្ស័យបានព្យាយាមរត់ តែត្រូវប្រជាពលរដ្ឋ រួមនឹង កម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលចោមចៅទី២ ឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី២ ឃាត់ខ្លួនយកទៅសាកសួរ និងបញ្ជូន​បន្តទៅកាន់ផ្នែកជំនាញ ដើម្បីអនុវត្តតាមនិតិវិធី។ ដោយឡែកកាបូប និងលុយ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់