ព័ត៌មានជាតិ

ប៉ុនប៉ុងជះទឹកអាស៊ីដ ដាក់អតីតប្រពន្ធចុង តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍..

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលវង់ ធ្វើការឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ តាមបណ្ដឹងរបស់អតីតប្រពន្ធ ជាប់ពាក់ព័ន្ធនឹងរឿងប៉ុនប៉ុងជះទឹកអាស៊ីដ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១ និង៣០នាទីយប់​ រំលងអាធ្រាត្រ​ឈានចូលថ្ងៃ​១៩ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិត​ខារ៉ាអូខេ​ “យេស” ផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

នារីរងគ្រោះ ជាប្រពន្ធចុងមានទីលំនៅ​ក្នុងរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ជាប្ដី ឈ.ស អាយុ៥១ ឆ្នាំ ជនជាតិ​វៀតណាម​ មានទីលំនៅ​ក្នុងរាជធានីភ្នំពេញ​ ។

តាមប្រភពពីនារីរងគ្រោះ បានឲ្យដឹងថា គាត់ទាំងពីរនាក់ មិនរៀបការនោះទេ តែបានសែនព្រេងរជាមួយគ្នា ដោយតាំងពីយកគ្នាមក ចេះតែមាន​រឿងឈ្លោះប្រកែកគ្នាឥតឈប់ ខណ:បុរសជាប្ដីតែងតែប្រើអំពើហិង្សាទៅលើរូបគាត់ ទើបទ្រាំមិនបាន ក៏សម្រេច​ចិត្តលែងលះគ្នា​។

ប្រភពដដែលបន្តថា នៅវេលាថ្ងៃកើតហេតុ មិត្តរួមការងារនាងម្នាក់​ បានតេទូរស័ព្ទប្រាប់នាងឲ្យប្រុងប្រយ័ត្ន ព្រោះបានឃើញបុរសជាប្ដីរបស់នាង មកអង្គុយចាំនៅលើម៉ូតូ នៅជិត​ខារ៉ាអូខេ​ “យេស” ដែលជាកន្លែងនាងធ្វើការ។ ទើបរូបនាងក៏បានទូរស័ព្ទទៅលេខប្រចាំបញ្ជារបស់ស្នងការរាជធានី ឲ្យជួយអន្តរាគមន៍ នៅពេលកម្លាំងមកដល់ បានធ្វើការសាកសួរជនសង្ស័យ ហើយសុំឆែកឆេរ ក៏ឃើញមានដបទឹកអាស៊ីដ ទុកនៅលើម៉ូតូ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ​វាយខ្នោះ យកទៅប៉ុស្តិ៍តែម្ដង។

ក្រោយការសួរនាំរបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា​ ទឹកអាស៊ីដ​ដែលនៅលើម៉ូតូនោះ​ គឺមានបំណងយកមកគំរាម លើនារីរងគ្រោះ ដែលជអតីតប្រពន្ធប្រាកដមែន។

ដោយយោងតាមពាក្យបណ្ដឹងជនរងគ្រោះ រួមទាំងចម្លើយសារភាព​ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ច បានបញ្ជូនជនសង្ស័យទៅ​អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់