ព័ត៌មានជាតិ

ជនសង្ស័យ២នាក់បងប្អូន ត្រូវជាប់ពន្ធនាគារក្រោយពីបានលក់ក្មួយស្រីបង្កើតខ្លួនឯងឲ្យទៅប្តីជនជាតិចិនវាយធ្វើបាប

ជនសង្ស័យប្រុស ស្រី២នាក់បងប្អូន ​ដែលនគរបាលកំណត់ថាជាមុខសញ្ញា រកស៊ីជួញដូរមនុស្សទៅក្រៅប្រទេស ត្រូវបានចាប់ខ្លួននិងបញ្ជូនបន្តទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់បានពីបើកការស៊ើបអង្កេតបឋមមួយពីនគរបាលប្រឆាំងការជួញដូរមនុស្ស ហើយរកឃើញថា ពួកគេទាំង២នាក់ ធ្លាប់បានធ្វើសកម្មភាពលក់ក្មួយស្រីបង្កើត ឲ្យទៅបុរសជនជាតិចិននៅប្រទេសចិនកាលពី២ឆ្នាំមុន។

នគរបាលជំនាញប្រឆាំងការជួញដូរបានឲ្យដឹងថា ក្រោយការបើកការស៊ើបអង្កេតនិង នាំខ្លួនមកសាកសួរជនសង្ស័យប្រុសស្រីទាំង២នាក់បងប្អូនបង្កើត ត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសខុសច្បាប់ជួញដូរមនុស្សឆ្លងដែន និងបទក្លែងឯកសារ ហើយក៏ត្រូវបានតុលាការឃុំខ្លួនពួកគេទាំង២នាក់នៅពន្ឋនាគារខេត្តនៅរសៀលថ្ងៃទី២១ ខែកញ្ញា ។

ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស លោកស្រីវរសេនីយ៍ឯក នៅ រតនា បានឲ្យដឹងថា ស្រ្តីរងគ្រោះ អាយុ២១ឆ្នាំ ត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យទាំង២នាក់ មានទីលំនៅឃុំកំពង់ដំរី ស្រុកឆ្លូង បានរងគ្រោះដោយត្រូវពួកគេល្បួងយកទៅលក់ឲ្យបុរស​ជនជាតិ ចិននៅប្រទេសចិន តាមរយ:ខ្សែបណ្តាញរបស់ពួកគេតាំងពីឆ្នាំ២០១៦ ។

លោកស្រីស្នងការរងបន្តឲ្យដឹងទៀតថា នារីរងគ្រោះ បានរងគ្រោះដោយពួកគេជួញដូរ ទៅលក់ឲ្យបុរសជនជាតិចិនចំនួន២ដង។ រហូតមកទល់និងពេលនេះនារីរងគ្រោះមានកូន ក្នុងពោះ៨ខែ និងត្រូវបានបញ្ជូនមកស្រុកកំណើតវិញកាលពីពាក់កណ្តាល ឆ្នាំ២០១៨។

ជនសង្ស័យប្រុស ស្រីជាបងប្អូនបង្កើតទាំង២នាក់នេះមាន ១.ឈ្មោះពៅ សារ៉ាត់ អាយុ ៤៦ឆ្នាំ និងទី២.ឈ្មោះ ពៅ ចិន្តា អាយុ៥៥ឆ្នាំ ពួកគេទាំង២នាក់ ត្រូវជាបងប្អូនបង្កើតរបស់ ម្តាយនារីរងគ្រោះ។

នគរបាលបានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ពួកគេបានល្បួងនារីរងគ្រោះយកទៅលក់ឲ្យ បុរសជនជាតិចិននៅប្រទេសចិនតាមរយ:ខ្សែបណ្តាញរបស់ពួកគេ។ ហើយពួកគេបាន ថែមទាំងបានក្លែងឯកសារមួយចំនួន​ សម្រាប់សម្រួលដល់ការឆ្លងដែនរបស់នារីរង គ្រោះទៅប្រទេសចិន។ ពេលទៅដល់ប្រទេសចិន នារីត្រូវបានបង្ខំឲ្យយកប្តីជនជាតិចិននិង ត្រូវរងការវាយធ្វើបាបពីប្តីជនជាតិចិន ហើយនារីរងគ្រោះបានរត់គេចតែក៏ត្រូវពួកគេលក់ បន្តទៅឲ្យជនជាតិចិននៅប្រទេសចិនម្នាក់ផ្សេងទៀត។ ដោយសារការអត់ទ្រាំនិងការវាយ ធ្វើបាបពីប្តីជាជនជាតិចិនលើកក្រោយនេះមិនបាន នារីរងគ្រោះក៏បានរត់ទៅរកអាជ្ញាធរ នៅស្ថានទូតឲ្យជួយហើយក៏ត្រូវបានអាជ្ញាធរចាត់បញ្ជូនមកស្រុកវិញ។

នគរបាលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលជាង២ឆ្នាំ​ដែលនារីរងគ្រោះ ត្រូវបានជនសង្ស័យជួញដូរឲ្យទៅយកប្តីចិននៅក្រៅប្រទេស នារីរងគ្រោះមិនបានប្រាក់កម្រៃអ្វីនោះទេ ដោយសារលុយទាំងអស់ត្រូវបានជនសង្ស័យទាំង២នាក់បងប្អូនកេញប្រវ័ញ្ញយកអស់។

អ្វីដែលគួឲ្យអាសូរនោះ គឺចុងក្រោយនារីរងគ្រោះគ្មានសល់អ្វីក្រៅពីមានកូនក្នុងពោះ ដែលនិងជិតគ្រប់ខែ ដោយគ្មានអ្នកទទួលខុសត្រូវ៕

មតិយោបល់