ព័ត៌មានជាតិ

រថយន្តNISSAN បើកបុកផ្ទះលក់ក្តារមឈូសយីហោ​ តាំង​ ហួរសែ ក្រឡាប់ផ្ងារជើង!!!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តNISSANមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ហើយបានគេចពីរ៉ឺម៉កមួយគ្រឿងទៀត រួចក៏ជ្រុលចង្កូតទៅបុកទ្វារហាងលក់ក្តារមឈូសយីហោ​ តាំង​ ហួរសែ​ ពេញទំហឹង​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​ឡើយ​កាល​ពី​វេលាម៉ោង​១០យប់​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ផ្ទះ​លេខ​៤៣អា ផ្លូវលេខ២៣០​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ NISSAN FRONTIER ពណ៌​ទឹក​ប្រាក់​ ជាប្រភេទ​រថយន្ត​២​បាំង​ គ្មាន​ស្លាក​លេខ​។ ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង​ ​តាមបណ្ដោយ​ផ្លូវ​២២៣​ ទិសដៅពីត្បូង​ទៅជើង​ និងក្នុងល្បឿនយ៉ាងលឿន។ បន្ទាប់មករថយន្តខាងលើក៏បានបួងចង្កូតបត់ឆ្វេង​ទៅផ្លូវ២៣០​ ឆ្ពោះទៅផ្សារនាគមាសដោយខ្វះការប្រុងប្រយ័ត្ន​ ហើយបានទៅវ៉ាក់អឺជាមួយនិងរ៉ឺម៉កកង់បីមួយគ្រឿងទៀត​ដែលកំពុងធ្វើដំណើរនៅខាងមុខ​។ ភ្លាមនោះរថយន្តបង្កក៏បានកាច់ចង្កូតទៅខាងស្តាំ​ដើម្បីគេចរ៉ឺម៉កកង់បី​ រួចក៏​ជ្រុល​ទៅ​បុក​ក្លោង​ទ្វារ​ហាងលក់​ក្តារ​មឈូស​ខាងលើពេញទំហឹង​ បណ្តាលឲ្យសសរក្លោង​ទ្វារ​ហាង​លក់​ក្តារមឈូស​មួយដើមរងការខូចខាតបែកប្រេះ។ ចំណែកឯ​រថយន្ត​បង្កបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ​ រីឯអ្នកបើកបររងរបួសរយះដៃខាងឆ្វេង។

សមត្ថកិច្ច​បានឲ្យដឹងថា​បុរសជាអ្នកបើកបរថយន្តបង្កខាងលើ​មាន​ឈ្មោះ​ យ៉ុន​ សំអាន​ អាយុ១៩ឆ្នាំ​ ជាកម្មករនៅការ៉ាស់លក់រថយន្តមួយកន្លែង​ ស្នាក់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​។ ហើយរថយន្តបង្កខាងលើនោះមិនមែនជា​កម្មសិទ្ធិ​របស់​បុរស​ខាង​លើ​នោះទេ​ គឺ​បុរស​រូបនោះបាន​យក​រថយន្ត​ខាងលើដែលជារបស់ថៅកែដាក់សម្រាប់ទុកលក់យកមកបើក​ ប៉ុន្តែ​សមត្ថកិច្ចមិន​បាន​បញ្ជាក់​ថា​បុរស​រូបនោះបើករថយន្តរបស់ថៅកែខ្លួនបំណង់ទៅណានោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បានចុះ​មកដល់​ចំណុច​កើត​ហេតុ​ ហើយបានធ្វើការវាស់វែងស្ទូចយករថយន្តបង្ក​ រួមទាំងអ្នកបើកបរទៅកាន់អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ជាមួយ​ភាគី​ខាងម្ចាស់ហាង​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់