ព័ត៌មានជាតិ

រថយន្តកាមរីបុកម៉ូតូនិច គាបជាប់ក្រោមរថយន្ត បណ្តាលឲ្យឆេះម៉ូតូ រងរបួសធ្ងន់២នាក់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមរីឆ្លាមមួយគ្រឿងបើកបត់ក្នុងល្បឿនលឿន ស្រាប់តែមានម៉ូតូម៉ាកនិចមួយគ្រឿងបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ផ្លោងរងរបួសធ្ងន់ទាំង២នាក់ ហើយនឹងឆេះម៉ូតូផងដែរ​។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង​២យប់ រំលងអធ្រាត្រឈាន ចូលថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ម៉ៅសេទុង សង្កាត់ ទន្លេបាសាក់ ខណ្ឌ​ចម្ការមន​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ​2G-9761 បើកតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងបម្រុងបត់ទៅលិច​ស្រាប់តែមានម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BW-2938 បើកតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះស្រាប់តែមកបុករថយន្តកំពុងតែបត់យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូគាបជាប់ក្រោមរថយន្តហើយឆាបឆេះម៉ូតូទៀតបានបងប្អូនប្រជាពលរដ្ឋទាញចេញយកទឹកចាក់បានរលត់រីឯមនុស្សផ្លោងចេញពីកន្លែងកើតហេតុប្រហែលជា២០ម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់ ក្នុងនោះមានស្រីម្នាក់ប្រុសម្នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចរថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនិតិវិធីច្បាប់​៕

មតិយោបល់