ព័ត៌មានជាតិ

Update៖ រថយន្តដឹកខ្សាច់ ចុះចំណោតហ្វ្រាំងមិនស៊ី បុករថយន្ត៥គ្រឿងនិងម៉ូតូ២គ្រឿង ស្លាប់មនុស្ស២នាក់ នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: កាលពីម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ​វិថី​ផែ កែងរ៉ា ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​​ ខេត្តព្រះសីហនុ។

រថយន្តបង្ក​​​ម៉ាក​ NISSAN ​បែន​ដឹក​ខ្សាច់​៥តោន ពណ៌​ស គ្មានស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ វ៉ុន​ ធឿន​ ភេទ​ប្រុស​ អាយុ​​៣៣ឆ្នាំ មានទីលំនៅ​ភូមិ​ជន្លង់ម្លូរ​ ឃុំ​ព្រៃរដួល​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មានអ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ វៀន​ ខ្មៅ​ ភេទ​​ប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ភូមិ​វាលធំ​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានទិសដៅ​ចូលក្រុងព្រះសីហនុ។ លុះមក​ដល់​កន្លែងកើតហេតុ​​ផ្លូវ​ចុះ​ចំណោត រថយន្ត​មានល្បឿនលឿន​ ហ្រ្វាំង​មិន​ស៊ី​ ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​៥គ្រឿង​ និង​ ម៉ូតូ​​​២គ្រឿង​​ទៀត រថយន្ត​ក្រុង២៥កៅអី​ម៉ាក​ HYUNDAI ពណ៌​ទឹក​ដោះគោ​ ពាក់ស្លាកលេខ​ ភ្នំពេញ​3D-4876 ។
២-ម៉ូតូ​ម៉ាក​ HONDA​ WAVE​ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ​ព្រះសីហនុ​1G-3444 ជិះ​គ្នា​​២នាក់​ ស្រីម្នាក់​។
៣-រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីន​ភ្លើង​ ម៉ាក​ HYUNDAI​ ពណ៌​​ស​ ពាក់ស្លាកលេខ​ព្រះសីហនុ​2A-9386 ។
៤-រថយន្ត​ម៉ាក​ ម៉ាស៊ឺដេស​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ​ភ្នំពេញ​2L-0858 ។
៥-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ទឹកមាស​ ពាក់ស្លាកលេខ ​ព្រះសីហនុ​2C-9963 ។
៦-រថយន្ត​ម៉ាក​ Starex ពណ៌​ស គ្មានស្លាកលេខ​ ។
៧-ម៉ូតូ​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​1CT-1983​ បើកបរ​ដោយ​ឈ្មោះ​ ទិត្យ​ ពៅ​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ កម្មករ​ មានទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​​​។ ​និងបណ្ដាល​ឲ្យ ​ស្លាប់​​មនុស្ស​ប្រុសស្រី២នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​​(មិន​ទាន់ស្គាល់​អត្តសញ្ញាណ​ ទាំងអ្នកបើកបរ និង​អ្នករួម​ដំណើរ​លើ​ម៉ូតូ​HONDA WAVE​​)។​

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ​ វ៉ុន​ ធឿន​ បានឃាត់​ខ្លួន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​។ ចំពោះ​​រថយន្ត​​៣គ្រឿង​ មិន​បាន​ប្តឹង​ផ្តល់​ទេ​ សុំ​យក​រថយន្ត​ទៅ​ជួសជុល​ខ្លួន​ឯង​ មានដូចខាងក្រោម​៖
១-រថយន្ត​កូរ៉េ​ដឹក​ម៉ាស៊ីន​ភ្លើង​ ម៉ាក​ HYUNDAI​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-9386​ ។
២-រថយន្ត​ម៉ាក​ HIGHLANDER ពណ៌ ទឹកមាស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-9963 ។
៣-រថយន្ត​ម៉ាក​ Starex ពណ៌ ស គ្មានផ្លាកលេខ​ ។
រីឯវត្ថុតាង​ រថយន្ត​៣គ្រឿង​​ និង​ ម៉ូតូ​២គ្រឿង​​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីបន្តនិតិវិធីច្បាប់៕

មតិយោបល់