ព័ត៌មានជាតិ

​មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់ ដួលស្លាប់ក្នុងពេលបំពេញការងារអនុវត្តន៍ និងសម្រួលចរាចរណ៍ជូនពលរដ្ឋ!

ភ្នំពេញ: អនុសេនីយ៍ទោ នៅ បូរិន ជាមន្ត្រីនគរបាលប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានដួលដាច់សរសៃឈាម ស្លាប់គួរឲ្យអាណោចអាធ័ម ខណ:ដែលកំពុងចុះអនុវត្តន៍ និងសម្រួលចរាចរណ៍ចផ្លូវជើងគោក ក្នុងខណ្ឌពោធិ៍សែនជ័យ តាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ដែលស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលដែលបានស្លាប់បាត់បង់ជីវិត ខណ:​ដែលបំពេញតួនាទីនោះមានឋានន្តរស័ក្តិ ជាអនុសេនីយ៍ទោឈ្មោះ នៅ បូរិន អាយុ៥០ឆ្នាំជាង មានតួនាទីជាមន្រ្តីនគរបាលទទួល បន្ទុកផ្នែកចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពរបស់លោកត្រូវបានយកមកធ្វើបុណ្យ នៅគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

គ្រោះដោយឧបត្តិវហេតុនេះ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រួមនឹងកងកម្លាំងនគរបាលទាំងអស់ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សំដែងនូវកាសោកស្តាយអាឡោះអាល័យ ដោយចងចាំមិនភ្លេចនៅវីរភាព និងស្នាដៃរបស់លោកកន្លងមក ក្នុងការបំពេញភារកិច្ច ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងជូនជាតិមាតុភូមិ៕

មតិយោបល់