ព័ត៌មានជាតិ

រថយន្តហ្វតរ៉េនជ័រ ស្លាកលេខ បន្ទាយមានជ័យ 2C-2222 ពន្លះរថយន្តហាយឡែនឌ័រ ចំណុចស្តុបបែកជាបួន ខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសមួយក្រុមស្រវឹងស្រាបើករថយន្តហ្វតរ៉េនជ័រ ស៊េរីទំនើប មួយគ្រឿង បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ បើកបរដោយបុរសម្នាក់ត្រង់ចំណុចផ្លូវបែកជាបួនពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿង ខូចខាតយ៉ាងដំណំដូចគ្នាតែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7893 តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះមកស្តុបបែកជាបួនកែងនិងផ្លូវ១០០៣ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ្វតរ៉េនជ័រ ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-2222 បើកបរដោយបុរសមួយក្រុមស្រវឹងស្រាជោក តាមបណ្តោយផ្លូវ១០០៣ ទិសដៅពីត្បូងទៅជើងបានវ៉ាជែងរថយន្ត២គ្រឿងទៀតនៅខាងមុខ បម្រុងបត់ឆ្វេងដៃឆ្ពុះទៅទិសខាងលិចជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដាច់កាឡេកង់និងហូរប្រេងម៉ាស៊ីនខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។ តែសំណាងល្អមិនបង្កឲ្យមានអ្មករងរបួស។ ក្រោយហេតុការណ៍ម្ចាស់រថយន្តបង្កនិងមិត្តភក្តិមួយក្រុមទៀត បានទុករថយន្តចោលគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់និងមានតំណាងខាងរថយន្តបង្ក ចុះមកដល់កន្លែងកើតហេតុដែរបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់