ព័ត៌មានជាតិ

​ឆក់បានម្តងញ៉ាម ចេញឆក់ម្តងទៀតភ្លាត់ស្នៀត ពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច!

​ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋបានហើយតែរត់មិនរួច។ ករណីនេះកើតឡើងកាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងជើងផ្សារអ៊ីអន២ លើផ្លូវបេតុង ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ​ ម៉ៅ ទី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។ ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់ឈ្មោះទេ​(រត់​គេចខ្លួន​)។

ជនរងគ្រោះមានឈ្មោះ ម៉ៃ ពៅ ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅម្តុំផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ។

ប្រពភពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿងម៉ាកZoomer ពណ៌ខ្មៅ លាយក្រហម អត់ស្លាកលេខ ជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង បំណងចូលទៅផ្សារអ៊ីអន២ លុះដល់ផ្លូវចូលនាងក៏បង្អង់ល្បឿនបម្រុងបត់ឆ្វេង ស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា Beat ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ1GO.5857 ជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះធ្វើឲ្យនាងដួលម៉ូតូរងរបួសស្រាល។

ប្រភពបន្តថា ពេលនោះនាងបានស្រែថាចោរៗហើយជនសង្ស័យបានព្យាយាមបើកម៉ូតូរត់ ប៉ុន្តែត្រូវអ្នកដំណើរឃើញសភាពបែបនេះក៏បើករថយន្តដេញកៀរបណ្តាលឲ្យជនសង្ស័យដួលម៉ូតូទើបពលរដ្ឋនាំគ្នាចាប់បានម្នាក់ចំណែកម្នាក់ទៀតរត់រួច។

នារីរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលជនសង្ស័យឆក់មិនបានសម្រេចនោះមាន លុយតិចតួច ទូរស័ព្ទដៃ១គ្រឿងនិងកាតអេធអឹមប៉ុណ្ណោះ។

ក្រោយមកក៏មានកម្លាំងសមត្ថកិច្ចដែលល្បាតនៅទីនោះចុះមកដល់បាននាំខ្លួនជនសង្ស័យនិងនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងចោទប្រកាន់នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕

មតិយោបល់