ព័ត៌មានជាតិ

Update៖ នារីម្នាក់យំឱបសពគូដណ្តឹងដែលជិតនឹងរៀបការខែក្រោយ ខណៈដែលត្រូវរថយន្តរបស់ក្រុមហ៊ុន អូតូម៉ាតាដឹកជញ្ជូន បុកស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ម្ចាស់ម៉ូតូមានឈ្មោះ តូច សុខហៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តស្រុកកំណើត ភូមិស្លែង ឃុំរំពារ ស្រុកបសេដ្ឋ ខេត្តកំពងស្ពឺ ។

ចំណែកតៃកុងឡាន មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្តម៉ាក ASIA ពណ៌បៃតង លាយឈូក ពាក់ស្លាកលេខ សៀមរាប 3A-2277 ជាប្រភេទរថយន្តសណ្តោងកុងតឺន័រ កន្ទុយក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-2716 (ក្រុមហ៊ុនអូតូម៉ាតា ដឹកជញ្ជូន) បានបុកជាមួយម៉ូតូម៉ាក Dream សេ១២៥ ពណ៌ខ្មៅ បិទស្កុតទឹកប្រាក់ ពាក់ស្លាកលេខ កំពងស្ពឺ 1L-7130 បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង រួចសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់