ព័ត៌មានជាតិ

នៅ​ខណ្ឌចំការមន! ​ជនសង្ស័យម្នាក់កាន់កាំបិតចូល​ប្លន់កន្លែង​​ណេត​AV2 យកលុយជាង៣ពាន់ដុល្លារ រួចរត់គេចខ្លួនបាត់ ​

ភ្នំពេញ: មានករណីប្លន់មួយបានកើតឡើងដោយបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដោយបុរសជាជនសង្ស័យម្នាក់ បានកាន់កាំបិតចូលទៅប្លន់នៅក្នុងផ្ទះណេតមួយកន្លែង យកលុយអស់ជាង ៣ពាន់ដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល ដោយមិន មានការរំខានទៅដល់កម្លាំងមានសមត្ថកិច្ចណាបន្តិចឡើយ។

ហេតុការណ៍នេះដែរបានកើតឡើងលកាលពីវេលាម៉ោង ៩និង ២៥នាទីព្រឹក ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅផ្ទះ Internet 24 ម៉ោង ដែលមានទីតាំងផ្ទះលេខ ២៤ ផ្លូវលេខ ២៧៦ កែងនិងផ្លូវ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ រុណ គឹមលាង អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកកន្លែងណេត ខាងលើ និងមានទីលំនៅម្តុំវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ មុនពេលកើតហេតុ មានបុរសម្នាក់ បាន ចូលមកលេងនៅក្នុងផ្ទះណេតខាងលើ និងចាញ់អស់លុយចំនួន ១​២០០ដុល្លារ ហើយក៏បានត្រឡប់ចេញទៅវិញបាត់ក្រោយពីចាញ់អស់លុយនោះ។ លុះបន្តិចក្រោយមក ក៏ស្រាប់តែបុរសម្នាក់នោះត្រឡប់មកវិញ ហើយក៏បានយកកាំបិត ទៅភ្ជង់ក និង ប្រមូលលុយដែលទុកនៅក្នុងទូ​បានចំនួនជាង​៣ពាន់ដុល្លារ រួចក៏រត់គេចខ្លួនបាត់ទៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ ស្រ្តីជាអ្នកមើលការខុសត្រូវនៅក្នុងកន្លែងណេត 24ម៉ោងម្នាក់ខាងលើ ត្រូវបានកម្លាំងមានសមត្ថកិច្ច
នាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ធ្វើការបំភ្លឺ និង ធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើ ដើម្បីយកមកធ្វើការផ្តន្ទាទោសទៅតាមផ្លុវច្បាប់ជាក្រោយបន្តទៅទៀត៕

មតិយោបល់