ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ កាប់ទៅលើយុវជនម្នាក់..

បាត់ដំបង: នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រត្តិបត្តិការ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនា និងលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ កាលពីវេលាម៉ោងប្រហែល៧និង៤៥នាទីយប់ ខាងលិចស្ពានថ្មចាស់ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ យឹម អុង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាជនដៃដល់)។ ទី២ឈ្មោះ សំ ឧសភា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ជាម្ចាស់កាំបិត) និងទី៣ឈ្មោះ លី ចិន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ចៅ វ៉ិស៊ីញ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ស ស៊េរីឆ្នាំ២០១៨ ហើយជិះរត់គេចខ្លួនបាត់។ ដកហូតបាន កាំបិតកែច្នៃ ១ដើម។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់