ព័ត៌មានជាតិ

ផ្ទះឈើមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

បន្ទាយមានជ័យ: អគ្គិភ័យបានលេបត្របាក់ផ្ទះឈើមួយខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង១២និង១០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ នៅចំណុចភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក​ ស៊ិន​ រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រះនេត្រព្រះបានឲ្យដឹងថា ផ្ទះដែលរងការឆេះមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ​ មួន ចាយ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

យោងតាមសម្តីរបស់ឈ្មោះ​ មួន ចាយ​ បាននិយាយថាខណ:ដែលកំពុងតែដេកលង់លក់ ស្រាប់តែអណ្តាតភ្លើងបានឆាបឆេះឡើងពីចំណុចគុបភ្លើង​ ហើយភ្លាមៗគាត់ក៏ដាស់ប្រពន្ធកូនរត់ចុះពីលើផ្ទះ​ ភ្លើងបានគ្រប់គ្រងផ្ទះទាំងស្រុង​ របស់ទ្រព្យមិនបានកាន់មកជាមួយទេគឺបានឆេះអស់ទាំងស្រុងតែម្តង។

លោក​ ស៊ិន​ រ៉ាស៊ី​ បានបញ្ជាក់ផងដែរថាសម្ភារ:ដែលរងខូចខាតសម្ភារ:រួមមាន ៖ ម៉ូតូចំនួន ១គ្រឿង ,ម៉ាស៊ីនដេរចំនួន២គ្រឿង ,កង់ចំនួន៣គ្រឿង និងសម្ភារ:មួយចំនួនទៀត ហើយករណីនេះមូលហេតុ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី៕

មតិយោបល់