ព័ត៌មានជាតិ

ម៉ូតូ Ducati បើកលឿនដូចហោះ បុកម៉ូតូពីរគ្រឿងទៀត បណ្ដាលឲ្យរងរបួសមនុស្ស ៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បើកបុកម៉ូតូពីរគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ៣នាក់ ដែលហេតុការនេះ កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៣៧១ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ បានជិះម៉ូតូធំម៉ាក Ducati ពណ៌ក្រហមមានស្លាកលេខភ្នំពេញ 1FN-8122 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូពីរគ្រឿងទៀត ម៉ូតូទី១ម៉ាកHonda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះស៊ីហនុ 1E-2020 បើកបរបរដោយបុរសពីរនាក់ ទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ជើង ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូមួយគ្រឿងទៀត ម៉ាកScoopy ពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ 1G-7755 បើកបរដោយបុរស និងស្រ្តីម្នាក់ទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់ខណ្ឌសែនសុខ បានមកធ្វើការវាស់វែង និងយកម៉ូតូទាំងបីគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់