ព័ត៌មានជាតិ

លុចស៊ីស RX300 ពន្លះម៉ូតូមួយគ្រឿង បណ្ដាលឲ្យនិស្សិតច្បាប់ឆ្នាំទី៣ម្នាក់ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់ បានបោកក្បាលនិងខឿនផ្លូវស្លាប់ ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តមួយគ្រឿង បើកដោយជនជាតិចិនប្រុសស្រី ៣នាក់ បោះពួយយ៉ាងលឿន ទៅបុកពេញទំហឹងអូសជាង ១០ម៉ែត្រ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និង៣០នទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១៣៩ កែងនិងផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនរងគ្រោះមានឈ្មោះ ងួត អេងឆាយ ភេទប្រុសអាយុ២២ឆ្នាំ មុខរបនិស្សិតច្បាប់ឆ្នាំទី៣ ស្នាក់នៅម្តុំសំណង់១២ ខណ្ឌទួលគោក មានស្រុកកំណើតភូមិកំពង់ស្ដី ឃុំកំពង់ស្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុសពីរនាក់ រួមដំណើរនារីខ្មែរម្នាក់ បានបើករថយន្ត ម៉ាកលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q2257 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន ដូចហោះខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូវ៉ែវអែស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q-9918 ធ្វើដំណើរពីលិចទៅកើត ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ប៉ើងជាង១០ម៉ែត្រ បោកក្បាលនិងខឿនផ្លូវ បែកក្បាលស្លាប់នៅនឹងកន្លែង។

ភ្លាមនោះដែររថយន្តបង្ក ព្យាយាមបើករត់ទាំងជាប់ម៉ូតូ បានប្រមាណជាងដប់ប្រាំម៉ែត្រ ទៅមុខលែងរួច ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំយកទៅប៉ុស្តិ៍មិត្តភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញវាស់វែង យករថយន្តបង្ក និងតៃកុងព្រមទាំងម៉ូតូរងគ្រោះ ទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់