ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងជនរងគ្រោះ២នាក់ទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិន២នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពី​ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានរាយការណ៍ទៅស្នងការដ្ឋាន​ ថាមានជនជាតិម្នាក់ ត្រូវបានគេចាប់បង្ខាំងទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការ​ជាមួយកម្លាំប៉ុស្តិ៍សង្កាត់៤ បានចុះប្រតិបត្តិការណ៍​រំដោះបានជនរងគ្រោះចំនួន​​២នាក់ និងឃាត់ខ្លួនបានជនសង្ស័យ​២នាក់។

របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ​ជនរងគ្រោះ​០២នាក់ ទី១៖ឈ្មោះ ZENG WEI HUI ភេទប្រុស អាយុ​២២ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅ​មិនពិតប្រាកដ និងទី២៖ឈ្មោះ ZHA REN QIANG ភេទប្រុស អាយុ​២៣ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ ដោយឡែកជនសង្ស័យ ដែលឃាត់ខ្លួនបាន​ឈ្មោះ HU BIAO ភេទប្រុស អាយុ​២៥ឆ្នាំ និងឈ្មោះ XIONG LING ភេទប្រុស អាយុ​៣០ឆ្នាំ។

ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញដកហូតបាន​ ទូរស័ព្ទដៃ​០១គ្រឿង ម៉ាក IPHONE X ពណ៌ស, ទីបជ័រ​០២ដើម ពណ៌ខៀវ, លិខិតខ្ចីប្រាក់ជាភាសាចិន មានផ្តិតមេដៃ​០១ច្បាប់, សៀវភៅកំណត់ហេតុ ០១ក្បាល ពណ៌ក្រហម, ប៉ុងផ្តិតមេដៃ ០១ ពណ៌ក្រហម និងឯកសារពាក់ព័ន្ធមួយចំនួន​។

ករណីនេះកើតឡើងដោយសារ​ជនរងគ្រោះបានទៅលេងល្បែងនៅកាស៊ីណូ ញូវម៉ាកាវ ហើយបានខ្ចីកាក់ពីក្រុមជនសង្ស័យ ពេលគ្មានលុយសង ក្រុមជនសង្ស័យក៏បានយកជនរងគ្រោះទៅឃុំទុកក្នុងបន្ទប់ ដែលពួកគេស្នាក់នៅតែម្តង ដើម្បីឲ្យជនរងគ្រោះទាក់ទងទៅអ្នកផ្ទះ រកលុយសងពួកគេ ទើបពួកគេដោះលែងឲ្យមានសរីភាពវិញ​។ បច្ចុប្បន្ន​ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុង​បន្តនីតិវិធីតាមច្បាប់៕

មតិយោបល់