ព័ត៌មានជាតិ

គិតខ្លីម្ល៉េះ? យុវជនម្នាក់លោតពីលើផ្ទះជាន់ទី៥សម្លាប់ខ្លួន​ ព្រោះឈ្លោះជាមួយគូដណ្តឹង សំណាងដែរមិនស្លាប់! ​

ភ្នំពេញ: ស្ដែងៗណាស់ បុរសម្នាក់​រងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ច​ ហៅរថយន្តសាមុយ ដឹកយកទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីកំពុងអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិ បែរជាទាស់សម្ដីជាមួយគូដណ្តឹង ក៏ស្ទុះរត់ឡើងទៅលើផ្ទះ ទាំងកម្រោល រួចលោតពីលើផ្ទះជាន់ទី៥​ តែសំណាងបានទាក់នឹង​មែកឈើ កុំអី​វីវរ​មិនខានឡើយ បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ទាំងយប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង​៩យប់ ថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០១៨នេះនៅត្រង់ចំណុចជិត​សណ្ឋាគារ​ស ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

តាមសមត្តកិច្ចបានឲ្យដឹងថាជនរងគ្រោះបានលោតពីលើផ្ទះជាន់ទី៥រងបួសធ្ងន់មានឈ្មោះ ឡុង ម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតតាកែវ។ ចំណែកស្ត្រីជាគូដណ្តឹងមិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលផឹកស៊ីជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ រូបគេនិងជនរងគ្រោះបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិដ៏ទៃទៀត ខណ:ដែលជនរងគ្រោះផឹកបណ្ដើរ ចុចទូរសព្ទបណ្ដើរ លុះពេលកើតហេតុ ស្រាប់តែជនរងគ្រោះរត់ឡើងទៅលើផ្ទះ ទាំងកម្រោល (មិនដឹងថាមានបញ្ហាអ្វីនោះទេ) ហើយណាមួយពួកគេនឹកស្មានមិនដល់ដែរ ថាជនរងគ្រោះបែរជាធ្វើអត្តឃាតខ្លួនដូច្នេះសោះ លុះពេលជនរងគ្រោះលោតពីលើផ្ទះជាន់ទី៥​ ដែលខាងក្រោមមានដើមឈើមួយដើម ខណ:ពេលធ្លាក់មកទាក់​មែកឈើហើយទើបធ្លាក់ដល់ក្រោម កុំអី​វីវរ​មិនខានឡើយ បណ្តាលឲ្យរបួសធ្ងន់​ បាក់ជើងខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ចោមរោម​ និងរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកកន្លែងកើតហេតុ​ផងដែរ។

ប្រភពពី​កន្លែងកើតហេតុ​មួយទៀតបានប្រាប់ឲ្យដឹងដែរថា បន្តិចក្រោយមក គេឃើញមានសាច់ញាតិក្រុមគ្រួសារ​របស់ជនរងគ្រោះ មកដល់ចំណុចកើតហេតុ​ ស្រែកយំទ្រហោ​យ៉ាងខ្លាំង ហើយមានមាននារីរូបស្រស់២នាក់ ក្នុងនោះម្នាក់ជាគូដណ្តឹងរបស់ជនរងគ្រោះ មកអង្គុយយំឱបគ្នា ហើយក្រុមអ្នកសារព័ត៌មាន ធ្វើការសាកសួរទៅ ក៏មិនឆ្លើយអ្វីទាំងអស់ ក្រោយមករថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតបានមកដល់ រួចធ្វើការពិនិត្យស្ថានភាពរបួស និងបំពាក់ឧបករណ៍សង្គ្រោះបឋមសិន រួចដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្ដង។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយើង​ ពាក់ព័ន្ធ​និងមូលហេតុ​យ៉ាងណានោះទេ ដោយសមត្ថកិច្ចសុំនាំបុរសម្នាក់ ដែលផឹកស៊ីជាមួយជនរងគ្រោះ​ និងនារីរូបស្រស់ទាំង២នាក់​នោះ មកជួយបំភ្លឺនៅប៉ុស្តិ៍មួយជំហ៊ានសិន ៕

មតិយោបល់