Post News Media ព័ត៌មានជាតិ ទីបំផុតសំណុំរ...

ទីបំផុតសំណុំរឿងគ្រឿងញៀនជាង៥០គីឡូ តុលាការ ដាក់គុក​តែបុរសឡាវម្នាក់ ចំណែកថៅកែឡានក្រុងថងវ៉ាងអ្នកដឹក រួចខ្លួនស្ងាត់ឈឹង

ភ្នំពេញ: គេនៅមិនទាន់ភ្លេចឡើយនូវ សំណុំរឿងជួញដូរគ្រឿងញៀន ចំនួន ៥៤គីឡូក្រាម ដែលឧកញ៉ា ស៊ី ឡាឡយ ដឹកចូលកម្ពុជា ពីប្រទេស ឡាវ កាលពីអំឡុងឆ្នាំ២០១៧។

នៅក្នុងសំណុំរឿងគ្រឿងញៀនរាប់សិបគីឡូនេះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ៣នាក់រួមមាន៖
១- ឧកញ៉ា ស៊ី ឡាឡយ ភេទប្រុស អាយុ ៤៣ឆ្នាំ (ក្រោយមកស្លាប់ក្នុងគុក)
២- ឈ្មោះ លួន សុផា ភេទប្រុស អាយុ ៣០ឆ្នាំ ជា ជនជាតិឡាវ (ត្រូវដាក់គុក ១ជីវិត)
៣-ឈ្មោះ ថង វ៉ាង ថៅកែក្រុមហ៊ុន ថង វ៉ាង ដឹកអ្នកដំណើរ (តុលាការ ចាប់ដាក់គុក រួចដោះលែងស្ងាត់ឈឹង)

សូមជម្រាបជូនថា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ លួន សុផា ភេទប្រុស អាយុ ៣០ឆ្នាំ ជា ជនជាតិឡាវ ដាក់គុកអស់មួយជីវិត និងពន័យជាប្រាក់ចំនួន ៥០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន រក្សាទុក និងជួញដូរសារធាតុញៀន ដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ យោង តាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ចំណែកជនជាប់ចោទ ឈ្មោះ ថង វ៉ាង ថៅកែក្រុមហ៊ុន ដឹកអ្នកដំណើរ ថង វ៉ាង ដែលជាអ្នកដឹកគ្រឿងញៀនចូលមករាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧។

បន្ទាប់ពីដាក់គុក មួយរយ: ជនជាប់ចោទឈ្មោះ ថង វ៉ាង ក៏ត្រូវបាន ដោះលែងឲ្យរួចខ្លួនវិញយ៉ាងស្ងាត់ៗ បាត់ស្រមោលឈឹង គ្មានអ្វីពាក់ព័ន្ធ សូម្បីបន្តិចបន្តួច មិនរួចខ្លួនតែជនជាតិឡាវ ដែលជាកូនចៅ ឧកញ៉ា ស៊ី ឡាឡយ ដែលបានងាប់ក្នុងគុកបាត់ទៅហើយ។

គួររំលឹកថា ឧកញ៉ា ស៊ី ឡាឡយ ជាថៅកែគ្រឿងញៀន និងកូនចៅឈ្មោះ លួន សុផា ជាជនជាតិឡាវត្រូវបាន សមត្ថកិច្ច ចាប់ខ្លួនបានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ខណ:ពួកគេ នាំយកគ្រឿងញៀនទម្ងន់សរុប ៥៤គីឡូក្រាម ចូលក្រុងភ្នំពេញដើម្បីចែកចាយ តាមតម្រូវការរបស់ម៉ូយ៕

Loading...