ព័ត៌មានជាតិ

ឈ្នួលបម្រើក្មេងស្ទាវម្នាក់ ម្ចាស់ផ្ទះមិននៅឈ្លៀតឱកាសលួចលុយជាង៣ពាន់ដុល្លារ រួមនិងគ្រឿងអលង្កាមួយចំនួនទៀត អស់លក្ខណ៍ត្រូវគេចាប់ខ្លួនបានវិញ

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចលុយនិងគ្រឿងអលង្កា នៅផ្ទះលេខ០៩ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០១៨ ម៉ោង១០និង០០នាទី។

ជនសង្ស័យមានឈ្មោះ កែវ សំបូរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើក្នុងផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ មៀច ផលឡៃ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ និងប្តីចាក់សោរបងផ្ទះ (ចំណុចកើតហេតុ) តែភ្លេចដកកូនសោចេញ រួចនាំគ្នាយកចង្ហាន់ទៅកាន់បិណ្ឌប្រគេនព្រះសង្ឃនៅវត្តឧត្តុង្គ រហូតដល់ម៉ោង១០និង០០នាទីថ្ងៃដដែល ស្រាប់តែជនសង្ស័យត្រឡប់មកពីស្រុកកំណើតវិញ ចាក់សោចូលទៅក្នុងផ្ទះពុំឃើញជនរងគ្រោះ និងប្តី ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ជនរងគ្រោះ លួចយកលុយនិងគ្រឿងអលង្កា ដែលទុកនៅក្នុងប្រអប់ក្បាលគ្រែ រួមមាន៖ លុយដុល្លារ ៣,៤៨៧ដុល្លារ, លុយខ្មែរ៦លានរៀល, ខ្សែកប្លាទីន០១ខ្សែ មានបណ្តោងរូបព្រះ២ ,ខ្នាយជ្រូក១, ចិញ្ជៀនប្លាទីនដាំពេជ្រ១វង់ និង iPad ០១គ្រឿង ពណ៌ស រួចគេចខ្លួនទៅស្រុកកំណើត ។ ពេលនោះ ជនរងគ្រោះក៏សុំអ្នកជិតខាងឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញជនសង្ស័យចូលទៅក្នុងផ្ទះរួចចេញមកវិញ។ លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១២និង០០នាទី ជនរងគ្រោះតាមរកជនសង្ស័យឃើញ នៅភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានវត្ថុតាងមាន ៖ លុយដុល្លារ៣,៤៨៧ដុល្លារ,ខ្សែកប្លាទីន០១ ខ្សែ មានបណ្តោងរូបព្រះ២,ខ្នាយជ្រូក១, ចិញ្ជៀនប្លាទីនដាំពេជ្រ១វង់ និង iPad ១គ្រឿង ពណ៌ស ជារបស់ជនរងគ្រោះមកវិញ រួចនាំជនសង្ស័យ រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

មតិយោបល់